សង្គម

ខេត្តបាត់ដំបង បានត្រៀមតំបន់រមណីយដ្ឋានជាច្រើនទីតាំង សម្រាប់ដាក់ជូនភ្ញៀវទេសចរមកលេងកម្សាន្ត នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ

image


បាត់ដំបង៖ បាត់ដំបង គឺជាខេត្ត ដែលមានសក្តានុពលដ៏សំបូរបែបក្នុងវិស័យទេសចរណ៍ ទាំងកន្លែងដើរលេងកម្សាន្ត ការស្នាក់នៅ ការហូបចុក និងមធ្យោបាយធ្វើដំណើរ ពិសេសគឺសុខសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរបានយ៉ាងល្អប្រសើរ ដែលរហូតមកដល់នឹងពេលនេះ បាត់ដំបងមានវិសាលភាពរមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍នៅទូទាំងខេត្ត ទាំងអស់ចំនួន១១១ទីតាំង ក្នុងនោះ រមណីយដ្ឋានទេសចរណ៍មានចំនួន២០ទីតាំង សហគមន៍និងអេកូទេសចរណ៍មានចំនួន៤ទីតាំង គោលដៅទេសចរណ៍មានចំនួន៥៤ទីតាំង ទេសចរណ៍សាសនាមានចំនួន២៩ទីតាំង និងកសិទេសចរណ៍មានចំនួន៤ទីតាំង ។
ប្រធានការិយាល័យឧស្សាហកម្មទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក ហម អារុណ បានបញ្ជាក់ថា ចំពោះរមណីយដ្ឋានទេសចរណ៍ទាំង២០ទីតាំងនោះ គឺមានរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រមានចំនួន០៥ទីតាំង រមណីយដ្ឋានប្រវត្តិសាស្ត្រកែច្នៃមាន០១ ទីតាំង រមណីយដ្ឋានវប្បធម៌ធម្មជាតិ មាន ០១ទីតាំង រមណីយដ្ឋានធម្មជាតិកែច្នៃមាន១០ទីតាំង និងកីឡាទេសចរណ៍មាន០៣ទីតាំង ។ រមណីយដ្ឋានសំខាន់ៗទាំង២០ ទីតាំងនោះមានដូចជា៖ រមនីយដ្ឋានប្រាសាទបាណន់ ប្រាសាទឯកភ្នំ ប្រាសាទស្នឹងប្រាសាទបាសែត ភ្នំសំពៅ អាងកំពីងពួយ ល្អាង១០០ភ្នំប្រាំពីរ ទឹកធ្លាក់ចំការស្វាយ ចំការមៀន ទឹកធ្លាក់ថ្មដាចំការទុរេន ស្ទឹងថ្វាក ចំការទុរេនអូរតង ទឹកធ្លាក់ភ្នំកំពូល ទឹកពុះកំរៀង ទឹកធ្លាក់៥៣ភ្នំព្រឹក នគរជុំភ្នំព្រឹក សួនទឹកសុភមង្គល ឡូរីជើងភ្នំបាណន់ វាលចម្បាំងខេមសាយ និងរមណីយដ្ឋានដាយមិនរីសត ព្រមទាំងមានសហគមន៍អេកូទេសចរណ៍ព្រែកទាល់ សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ សហគមន៍ទេសចរណ៍វប្បធម៌វត្តគរ និងសហគមន៍អេកូទេសចរណ៍តាតោកអូរក្រូច ។
លោក ហម អារុណ បានបញ្ជាក់ឱ្យដឹងទៀតថាក្រៅពីនេះនៅមានគោលដៅទេសចរណ៍៥៤ទីតាំង ក្នុងនោះមានដូចជា ទីតាំងទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ មាន៥ទីតាំង ទេសចរណ៍សិល្ប:មាន៤ទីតាំង ធម្មជាតិកែច្នៃមាន១១ទីតាំង កែច្នៃមាន៩ទីតាំង ផលិតគាំទ្រទេសចរណ៍មាន៨ទីតាំង ផ្សារទេសចរណ៍មាន៣ទីតាំង និងទេសចរណ៍ប្រវត្តិសាស្ត្រមាន៣ទីតាំង រួមទាំងរមណីយដ្ឋានទេសចរណ៍សាសនាចំនួន២៩ ទៀតផង ។
លោក ប្រធានការិយាល័យឧស្សាហកម្មទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបង្ហាញឲ្យដឹងថា តាមការរំពឹងទុក លោកមានការជឿជាក់ថា នឹងមានភ្ញៀវទេសចរមកកម្សាន្ត ក្នុងខេត្តបាត់ដំបង នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ មានចំនួនកើនឡើងច្រើន ដោយសារតែប្រជាជនខេត្តបាត់ដំបង មានចំនួនច្រើន ហើយអ្វីដែលគេស្គាល់ខេត្តបាត់ដំបង គឺការអភិវឌ្ឍលូតលាស់ច្រើន ដែលធ្វើឲ្យមានការទាក់ទាញមួយផ្នែកដល់ភ្ញៀវទេសចរ មកលេងខេត្តបាត់ដំបងនាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ៕
ដោយ៖ គួយ គឹមស៊ន