សង្គម

សហភាពអឺរ៉ុប រៀបចំពិព័រណ៍អាហារូបករណ៍អឺរ៉ុប លើកដំបូង សម្រាប់យុវជនកម្ពុជា ដែលមានបំណងបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅអឺរ៉ុប និងដែលមានបំណងស្វែងរកអាហារូបករណ៍

image


ភ្នំពេញ៖ ប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា រួមជាមួយស្ថានទូតនៃសាធារណរដ្ឋឆេក បារាំង អាល្លឺម៉ង់ ហុងគ្រី និងប៉ូឡូញ “ក្រុមអឺរ៉ុប” បានរៀបចំពិព័រណ៍អាហារូបករណ៍អឺរ៉ុបលើកដំបូង “ឱកាសសិក្សាថ្នាក់ឧត្តមសិក្សានៅអឺរ៉ុប” សម្រាប់យុវជនកម្ពុជាដែលមានបំណងក្នុងការបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅអឺរ៉ុប និងដែលមានបំណងស្វែងរកអាហារូបករណ៍។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុប។
ព្រឹត្តិការណ៍នេះ ក៏រៀបចំឡើងដើម្បីអបអរសាទរដល់បុគ្គលិកសិក្សានិងនិស្សិតកម្ពុជា ដែលបានទទួល អាហារូបករណ៍ក្រោម “កម្មវិធី Erasmus+” របស់សហភាពអឺរ៉ុប។ ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ សហភាពអឺរ៉ុបបានផ្តល់អាហាររូបបករណ៍ដល់និស្សិត និងបុគ្គលិកឧត្តមសិក្សាជាដៃគូនៅកម្ពុជាជិត ២០០នាក់ ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់អនុបណ្ឌិតចំរុះ ឬក៏ ផ្តល់ការបង្រៀននិងការបណ្តុះ បណ្តាលនៅក្នុងសាកលវិទ្យាល័យនានានៅអឺរ៉ុប។
ព្រឹត្តិការណ៍នៅប្រតិភូសហភាពអឺរ៉ុប កាលពីម្សិលមិញទទួលបាននូវការចូលរួមយ៉ាងល្អ ក្នុងនោះ យុវជនកម្ពុជា ជាងមួយរយនាក់មកពីសាកលវិទ្យាល័យរដ្ឋ និងឯកជនចំនួនជាង ២០ បានមកចូលរួមក្នុងពិព័រណ៍ អាហារូបករណ៍អឺរ៉ុបដែលប្រារព្ធនៅការិយាល័យប្រតិភូសហភាពអឺរ៉ុប។ អាហារូបករណ៍ថ្នាក់សាកលវិទ្យាល័យ ទាំងរបស់សហភាពអឺរ៉ុប និងរដ្ឋជាសមាជិករបស់ខ្លួន (ឆេក បារាំង អាល្លឺម៉ង់ ហុងគ្រី និងប៉ូឡូញ) ត្រូវបានបង្ហាញនិងចែករំលែក។ តំណាងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានគាំទ្រយ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍នេះ ដោយបានលើកឡើងពីសារៈសំខាន់នៃគុណភាពអប់រំ។
លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ “ការអប់រំ មិនត្រឹមតែជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានសារៈសំខាន់ផងដែរសម្រាប់ការសម្រេច ដោយជោគជ័យនូវគ្រប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដែលមានចែងក្នុងរបៀបវារៈឆ្នាំ២០៣០។ ការវិនិយោគលើវិស័យអប់រំ គឺជាការវិនិយោគដ៏មានឥទ្ធិពលបំផុត ដែលប្រទេសមួយៗអាចធ្វើ បានដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចនិងការងារ។ កាលានុវត្តភាព ដែលសតវត្សរ៍ទី២១ និងការផ្លាស់ប្តូរឌីជីថល ផ្តល់ឱ្យយើងនូវតម្រូវការធ្វើបរិវត្តកម្មការអប់រំដែលផ្តោតលើគុណភាពនិងសមធម៌ និងការទទួលយកនូវឧបករណ៍ឌីជីថល។ យើងត្រូវបង្កើនការប្តេជ្ញាចិត្តរបស់យើងចំពោះការវិនិយោគ និងគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ការអប់រំ។“
សូមបញ្ជាក់ថា Erasmus+ គឺជាកម្មវិធីដ៏ចម្បងរបស់សហភាពអឺរ៉ុប ដើម្បីគាំទ្រដល់ការអប់រំ ការបណ្តុះបណ្តាល យុវជន និងកីឡា ដែលមានថវិកាចំនួន ២៦.២ ពាន់លានអឺរ៉ូ សម្រាប់រយៈពេលចន្លោះពីឆ្នាំ ២០២១ - ២០២៧ ។ តាមរយៈ Erasmus+ និងកម្មវិធីមួយចំនួនទៀត សហភាពអឺរ៉ុប បានលើកកម្ពស់គុណភាពនៃឧត្តមសិក្សានៅកម្ពុជា និងផ្តល់ឱកាសសម្រាប់ការផ្លាស់ប្តូរគ្រូ និងសិស្សរវាងកម្ពុជា និងអឺរ៉ុប។ ត្រឹមតែរយៈពេល ៣ ឆ្នាំចុងក្រោយ (២០២០, ២០២១, ២០២២) និស្សិតកម្ពុជាចំនួន ១២៩ នាក់ គ្រូបង្រៀន ៥៩ នាក់ ទទួល បានឱកាសទៅសិក្សានៅសាកលវិទ្យាល័យនានានៅអឺរ៉ុប៕