សង្គម

អ្នកជំនាញ អះអាងថា យុវជនវ័យក្មេង និងសិស្សានុសិស្ស ជាក្រុមមនុស្សងាយប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍

image


កំពត៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ មានការរៀបចំទិវាសុវត្តិភាពចរាចរណ៍ និងការប្រកាសចាប់ផ្តើមអនុវត្តសកម្មភាពសុវត្តិភាពចរាចរណ៍ ដែលបានធ្វើឡើងក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ត្រសេកកោង ស្ថិតនៅឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត ក្រោមវត្តមាន លោកស្រី មីន មាណវី រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន និងលោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី ប្រចាំនៅកម្ពុជា។
លោក គឹម បញ្ញា បានឲ្យដឹងថា បច្ចុប្បន្ន ក្រុមមនុស្សដែលប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ជាងគេ គឺសិស្សសាលា និងយុវជនវ័យក្មេង ដែលមានអាយុចន្លោះពី ១៥ឆ្នាំ ដល់ ២៩ឆ្នាំ។ ជារៀងរាល់ឆ្នាំ អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា មានប្រមាណ១២ភាគរយ ជាសិស្ស និស្សិត ហើយពាក់កណ្តាលនៃពួកគាត់ ជាសិស្សានុសិស្សនៅកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ។
បើតាមលោក គឹម បញ្ញា សិស្សានុសិស្សទទួលរងប៉ះពាល់បំផុត ដោយសារតែពួកគាត់ទើបតែរៀន ឬចាប់ផ្តើមជិះយានជំនិះ មិនមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការបើកបរ ហើយជួនកាលពួកគាត់បានចូលរូមក្នុងឥរិយាបទមួយប្រកបដោយហានិភ័យខ្ពស់ ដូចជាមិនបានពាក់មួកសុវត្ថិភាព ហើយការបើកបរក្នុងល្បឿនលើសកំណត់ និងការជែងក្នុងស្ថានភាពគ្រោះថ្នាក់ជាដើម។
ជាមួយគ្នានេះ លោកស្រី មីន មាណវី រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា តាមរបាយការណ៍របស់អគ្គស្នងការនរគបាលជាតិ ៨ខែដើមឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍សរុបចំនួន ២.០៥០ករណី បណ្តាលឱ្យមនុស្សស្លាប់ចំនួន ១.០៨២នាក់ ក្នុងនោះជាយុវជនវ័យក្មេងអាយុចាប់ពី ១៥ឆ្នាំដល់ ២៩ឆ្នាំ ដែលភាគច្រើនជាសិស្សសាលា។ ការនេះ លោកស្រីស្នើដល់លោកគ្រូ អ្នកគ្រូ តាមសាលារៀនទាំងអស់បញ្ជ្រាបច្បាប់ចរាចរណ៍ដល់សិស្សានុសិស្សមុនពេលចូលរៀន និងក្នុងម៉ោងសិក្សាផងដែរ។
លោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្តកំព បានឱ្យដឹងដែរថា គ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តកំពត កើតមានឡើងជាញឹកញាប់នៅលើកំណាត់ផ្លូវជាតិលេខ ៣, ៣១, ៣៣ និងផ្លូវជាតិ៤១។ ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៩៣ករណី មានការថយចុះចំនួន ៣៥លើក ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១៕
អត្ថបទ៖ វង្ស សុធារម្យ