ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរទេសជប៉ុន ចេញសេចក្តីថ្លែងការណ៍ ចំពោះការបញ្ចប់ការជំនុំជម្រះក្ដីខ្មែរក្រហម និងសម្តែងនូវការគោរពចំពោះមនុស្សជាច្រើនដែលបានចូលរួមចំណែកដល់ការជំនុំជម្រះក្តីនេះ

image


ជប៉ុន៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក ហាយ៉ាស៊ី យូស៊ីម៉ាសា បានចេញសេចក្តីថ្លែងការណ៍ ដោយលើកឡើងថា នៅថ្ងៃទី២២ ខែកញ្ញានេះ អង្គជំនុំជម្រះតុលាការកំពូល នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការ កម្ពុជា (អ.វ.ត.ក) បានប្រកាសសាលដីកាលើបណ្ដឹងសាទុក្ខ ដោយបានតម្កល់សាលក្រមរបស់អង្គ ជំនុំជម្រះសាលាដំបូង (ដែលផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត) ក្នុងសំណុំរឿង ០០២/០២ ពាក់ព័ន្ធនឹងលោក ខៀវ សំផន ។ សាលដីកានេះ បានបញ្ចប់ជាស្ថាពរនូវការជំនុំជម្រះក្ដីខ្មែរក្រហម ដែលបានបន្តអស់រយៈពេលយ៉ាងយូរមកហើយ។ ប្រទេសជប៉ុន សូមសម្តែងនូវការគោរពចំពោះ មនុស្សជាច្រើនដែលបានចូលរួមចំណែកដល់ការជំនុំជម្រះក្តីនេះ។

លោករដ្ឋមន្ត្រីការបរទេសជប៉ុន បានលើកឡើងបន្ថែមថា ការជំនុំជម្រះក្តីខ្មែរក្រហម គឺជាដំណាក់កាលដ៏សំខាន់ឆ្ពោះទៅបញ្ចប់ជាស្ថាពរនូវដំណើរការ ស្វែងរកសន្តិភាពនៅកម្ពុជា និងរួមចំណែកដល់ការផ្ដល់យុត្តិធម៌ និងការពង្រឹងនីតិរដ្ឋនៅក្នុង ប្រទេសនេះ។ ដោយយល់ឃើញយ៉ាងដូច្នេះ ប្រទេសជប៉ុន បាននិងកំពុងដើរតួនាទីនាំមុខនៅក្នុង សហគមន៍អន្តរជាតិ ក្នុងការផ្ដល់ការគាំទ្រដល់ការជំនុំជម្រះក្តីនេះ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រទេសជប៉ុន សង្ឃឹមថា សារៈសំខាន់នៃការជំនុំជម្រះក្តីនេះ នឹងត្រូវបានយល់ដឹងយ៉ាងទូលំ ទូលាយក្នុងចំណោមប្រជាជនកម្ពុជា ហើយក្លាយជាកេរដំណែលសម្រាប់អ្នកជំនាន់ក្រោយ និង សហគមន៍អន្តរជាតិ តាមរយៈសកម្មភាពអប់រំដែលត្រូវបានបន្ត បន្ទាប់ពីការបិទបញ្ចប់ដំណើរការ នីតិវិធី ហើយវានឹងរួមចំណែកដល់ការពង្រឹងនីតិរដ្ឋ។

សូមបញ្ជាក់ថា ជំនួយហិរញ្ញវត្ថុរបស់ប្រទេសជប៉ុនសម្រាប់ការជំនុំជម្រះក្ដីខ្មែរក្រហម ប្រទេសជប៉ុន បានផ្ដល់ថវិកាប្រមាណ ៨៨,៦៧ លានដុល្លាសហរដ្ឋអាមេរិក (៧២១៨ លានដុល្ល ផ្ដល់ឱ្យភាគីអន្ដរជាតិ និង១៦,៤៩ លានដុល្លា ផ្តល់ឱ្យភាគីជាតិ) ឬប្រហែលស្មើនឹង៣០% នៃជំនួយ របស់អន្តរជាតិសម្រាប់ការជំនុំជម្រះក្ដីខ្មែរក្រហម ចាប់តាំងពីការជំនុំជម្រះក្តីនេះបានចាប់ផ្ដើមនៅឆ្នាំ២០០៦៕