សង្គម

សមត្ថកិច្ចខេត្តព្រះសីហនុ ចុះផ្សព្វផ្សាយអប់រំអំពី ចរាចរណ៍ផ្លូវគោកដល់ប្រជាពលរដ្ឋប្រើប្រាស់ផ្លូវគ្រប់ប្រភេទ ជាពិសេសអ្នកបើកបរតាក់ស៊ី និងរថយន្តក្រុង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

image


ព្រះសីហនុ៖ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក លោកវរសេនីយ៍ទោ គីម សុង បានដឹកនាំកម្លាំង សហការជាមួយកម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ និងកម្លាំងមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ បានចុះផ្សព្វផ្សាយច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវគ្រប់ប្រភេទ ពិសេសអ្នកដែលប្រកបរបររត់តាក់ស៊ី និងក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរ ឱ្យមានការប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ផ្លូវគោក និងបើកបរប្រកបដោយសុវត្ថិភាព នារដូវបុណ្យភ្ជុំបិណ្ឌ។

ការចុះផ្សព្វផ្សាយអប់រំពីច្បាប់ចរាចរណ៍ផ្លូវគោកនេះ បានធ្វើឡើងនៅបេនឡានមហោស្រពចាស់ ស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ។ នៅក្នុងឱកាសនោះក៏បានប្រគល់សៀវភៅច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ខិតបណ្ណផ្សព្វផ្សាយស្តីពី សុវត្តិភាពចរាចរណ៍ផ្លូវគោក សៀវភៅកំណត់ល្បឿន និងបានណែនាំដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ជៀសវាងគ្រោះថ្នាក់ជាយថាហេតុ។

លោកវរសេនីយ៍ទោ គីម សុង បានលើកឡើងយ៉ាងដូច្នេះថា៖ “អាស្រ័យដូចនេះហើយសូមឱ្យបងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ដងផ្លូវក្នុងការធ្វើដំណើរទីជិតទីឆ្ងាយមានការប្រុងប្រយ័ត្ន ចេះគោរពយោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក បើកបរក្នុងល្បឿនកំណត់ ទើបកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ និងមានសុវត្ថិភាពក្នុងឱកាសនៃពិធីបុណ្យភ្ជុំនេះ”៕

ដោយ៖ ប៉ៃ សុឃីម