ព័ត៌មានជាតិ

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ” បានត្រៀមរួចរាល់ ស្ទើរតែ១០០%ហើយ សម្រាប់ការដាក់ឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃពេញមួយខែតុលា ឆ្នាំ ២០២២ខាងមុខនេះ

image


ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ឱ្យដឹងថា គម្រោងការងារសាងសង់ផ្លូវល្បឿនលឿន សម្រេចបានស្ទើរតែ ១០០%ហើយ លឿនជាងផែនការគ្រោងទុករហូតដល់ទៅ០៨ខែ ហើយការងារដែលនៅសេសសល់មួយចំនួន នឹងត្រូវបញ្ចប់ឱ្យបានរួចរាល់នាពេលដ៏ខ្លីខាងមុខនេះ។

ការគូសបញ្ជាក់នេះ បានធ្វើឡើងខណៈដែលលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំប្រតិភូចុះពិនិត្យការងារត្រៀមរៀបចំបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ខាងមុខ។

លោកទេសរដ្ឋមន្រ្តី បានឱ្យដឹងថា ក្រសួងសាធារណការ បានរៀបចំផលិតនូវវីដេអូអប់រំ ស្តីពីការប្រើប្រាស់ផ្លូវ ល្បឿនលឿននេះដែរ ហើយត្រៀមនឹងផ្សព្វផ្សាយនាពេលឆាប់ៗខាងមុខនេះ។

លោកទេសរដ្ឋមន្រ្តី បានសម្តែងនូវមោទកភាពដែលកម្ពុជាស្ថិតក្រោមដំបូលសុខសន្តិភាព កើតចេញពីការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ឱកាសឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន បានកសាងផ្លូវល្បឿនលឿនដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត និងជាមោទនភាពរបស់ប្រជាជាតិខ្មែរទាំងមូល។ ក្រៅពីមោទកភាពដ៏ធំមួយនេះ ផ្លូវល្បឿនលឿននឹងនាំមកនូវការរីកចម្រើនលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម បង្កើននូវលំហូរទេសចរណ៍ និងបង្កើតការងារជូនដល់បងប្អូនប្រជាពលរដ្ឋ សំដៅចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រផងដែរ។

សូមជម្រាបជូនថា៖ បន្ទាប់ពីចំណាយពេលជាង៤០ខែក្នុងការសាងសង់ ផ្លូវល្បឿនលឿនថ្មី និងដំបូង បំផុតក្នុងព្រះរាជាណាចក្រកម្ពុជា បានលេចចេញជារូបរាងឡើងយ៉ាងប្រត្យក្ស និងបានត្រៀមខ្លួនរួចរាល់ សម្រាប់ស្វាគមន៍អ្នកដំណើរក្នុងការសាកល្បងប្រើប្រាស់ និងទទួលយកបទពិសោធន៍ថ្មីនៃការបើកបរ។

ផ្លូវល្បឿនលឿនដែលតភ្ជាប់ពី“រាជធានីភ្នំពេញ” ទៅកាន់ទីក្រុងទេសចរណ៍ និងកំពង់ផែសមុទ្រធំបំផុត “ក្រុងព្រះសីហនុ” មានប្រវែងសរុប១៨៧,០៥គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី តភ្ជាប់ពីសង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទៅដល់សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តកោះកុង៕