ព័ត៌មានជាតិ

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងចាប់ផ្តើមដំណើរការសាងសង់នៅពាក់កណ្តាលឆ្នាំ ២០២៣ខាងមុខនេះ

image


ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ព្រំដែនកម្ពុជា និងវៀតណាម នឹងចាប់ផ្តើមបើកការដ្ឋានសាងសង់នៅពាក់កណ្តាលឆ្នាំ ២០២៣ខាងមុខនេះ។

ការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើឡើងនៅក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានក្នុងឱកាសចុះពិនិត្យផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅថ្ងៃទី ២១ខែកញ្ញា ឆ្នាំ ២០២២។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ផ្លូវល្បឿនភ្នំពេញ-ព្រះសីហនុ និងគម្រោងផ្លូវល្បឿនភ្នំពេញ-បាវិត គឺជាការតភ្ជាប់សេដ្ឋកិច្ច ពីប៉ូលមួយទៅប៉ូលមួយទៀត ដែលដើរតួនាយ៉ាងសំខាន់សម្រាប់ការតភ្ជាប់ពីប្រទេសថៃ កម្ពុជា និងវៀតណាម ដែលស្ថិតក្រោមគម្រោងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ របស់ចិន។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ការសម្រេចចិត្តវិនិយោគលើគម្រោងផ្លូវល្បឿនលឿនមានតម្លៃទឹកប្រាក់រាប់ពាន់លានដុល្លាររបស់ក្រុមហ៊ុននៅកម្ពុជានាពេលនេះ ដោយសារតែប្រទេសទាំងពីរមានទំនាក់ទំនងជិតស្និទ ដែលជាមិត្តភាពដែកថែប រួមជាមួយប្រទេសកម្ពុជា មានសុខសន្តិភាព ស្ថិរភាពនយោបាយ សេដ្ឋកិច្ចរីកច្រើន មានកំណើនយានយន្ត និងការដឹកជញ្ជូនជារៀងរាល់ឆ្នាំ។

តាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឲ្យដឹងទៀតថា បន្ទាប់ពីមើលឃើញពីសមត្ថភាព និងបទពិសោធន៍របស់ក្រុមហ៊ុនចិននេះដែលបានធ្វើការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅព្រះសីហនុរួចមក រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុននេះបន្តធ្វើការសិក្សាផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិតមួយទៀត ទៅតាមការស្នើសុំរបស់ក្រុមហ៊ុននេះ។

លោកបានលើកឡើងថា កាលពីពេលថ្មីៗក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន CRBC រួចរាល់ហើយ ដើម្បីធ្វើការសិក្សាលើគម្រោងផ្លូវនេះ និងដើម្បីផ្តល់ឳកាសឲ្យក្រុមហ៊ុននេះ អាចមានលទ្ធភាពចាប់ផ្តើមសាងសង់នៅពាក់កណ្តាលឆ្នាំក្រោយ។

សូមជម្រាបថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សម្រេចបានការសាងសង់ស្ទើរ ១០០ភាគរយហើយ ដែលគម្រោងនឹងដាក់ឲ្យដំណើរការសាកល្បងដោយមិនគិតថ្លៃរយៈពេល១ខែ គឺចាប់ពីថ្ងៃទី ១ខែតុលា ដល់ថ្ងៃទី ៣១ខែតុលា ឆ្នាំ ២០២២។ ការស្ថាបនាផ្លូវមួយខ្សែនេះ ក្រុមហ៊ុន បានចំណាយទឹកប្រាក់វិនិយោគប្រមាណ ២ពាន់លានដុល្លារ។

លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងផ្តល់អាទិភាពលើគម្រោងជាច្រើនដើម្បីអភិវឌ្ឍវិស័យដឹកជញ្ជូន និងភស្តុភារកម្មនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង ដែលក្នុង នោះរួមមាន៖ គម្រោងអភិវឌ្ឍន៍វិស័យដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ផ្លូវដែក គម្រោងអភិវឌ្ឍន៍ វិស័យកំពង់ផែ និងក្របខ័ណ្ឌគោលនយោបាយស្តីពីការដឹកជញ្ជូន និងភស្តុភារកម្ម។

យោងតាមការសិក្សាទៅលើគម្រោងធ្វើឲ្យប្រសើរឡើងប្រព័ន្ធភស្តុភារកម្មលើគម្រោងប្រមាណ ៣៣២គម្រោង បានបង្ហាញថា រដ្ឋាភិបាល នឹងត្រូវការវិនិយោគប្រមាណជិត ៥០ពាន់លានដុល្លារ ក្នុងរយៈពេល ១០ឆ្នាំខាងមុខនេះ៕