សន្តិសុខសង្គម

អ្នកសារព័ត៌មានជើងចាស់ម្នាក់ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅបឹងកក់

image


ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានឆក់យកជីវិតអតីតអ្នកព័ត៌មានជើងចាស់មួយរូប ខណៈកំពុងជិះម៉ូតូនៅលើដងផ្លូវ ដោយបានស្លាប់នៅពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ កាលពីវេលាម៉ោង ១១ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅផ្លូវបំបែកជាបួនលេខ៨២ កែងផ្លូវលេខ១៥៩ បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1FD-9887 ធ្វើដំណើរតាមបណ្តោយផ្លូវ១៥៩ ក្នុងទិសដៅពីជើងទៅត្បូង។ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែត្រូវបានរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ានដាយ HVX ពណ៌ទឹកប្រាក់ មានស្លាកលេខ ព្រះសីហនុ 2B-5858 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៨២ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន បុកពេញទំហឹងបណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់បែកក្បាលផុងផ្នែកខាងក្រោយនៃលលាដ៏ក្បាល ហូរឈាមមិនឈប់។ បន្ទាប់មកមានរថយន្តសាម៉ុយនៃមន្ទីរពេទ្យកាល់ម៉ែត្រទទួលទៅសង្គ្រោះបន្ទាន់ភ្លាមៗ តែជាអកុសល បុរសរងគ្រោះត្រូវបានទទួលមរណៈភាពនៅក្នុងមន្ទីរពេទ្យ។

គួរបញ្ជាក់ថា សពមានឈ្មោះ ឌី រៀ អាយុ៥៩ឆ្នាំ ជាអ្នកកាសែតនៃស្ថាប័ន កម្ពុជាថ្មី។ បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារទទួលយក។ ចំណែកម្ចាស់រថយន្ត ត្រូវបានសម្ថកិច្ចមូលដ្ឋានបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីធ្វើកំណត់ហេតុ ហើយសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍បានចុះមកដល់ទីតាំងកើតហេតុ និងធ្វើការវាស់វែង យកយានយន្តទាំងពីរទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕

ដោយ៖ ឌីយ៉ាម៉ង់