ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បន្តបើកយុទ្ធនាការផ្សព្វផ្សាយច្បាប់ចរាចរណ៍ ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ខណៈពិធីបុណ្យភ្ជុំបិណ្ឌកាន់តែខិតចូលលមកដល់

image


បាត់ដំបង៖ នៅសល់ត្រឹមតែរយៈពេលប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ដែលពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនឹងឈានចូលមកដល់ ហើយក្នុងពេលនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋខ្មែរ និងបានចេញទៅដើរកម្សាន្តលេងតាមរមណីដ្ឋាននិងការទៅធ្វើបុណ្យតាមទីអារាមនានាមានភាពមមាញឹកនោះ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានធ្វើយុទ្ធនាការជាលើកទី៣បន្តទៀត ស្តីពីការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាបន្ន ដោយមានកិច្ចសហការជាមួយមន្ទីរសាធារណ:ការនិងដឹកជញ្ជូនខេត្ត ការិយាល័យចរាចណ៍ផ្លូវគោកខេត្ត រួមជាមួយយុវជនអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាសរុបចំនួន៧៥នាក់ បានធ្វើឡើងនៅផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងមុខរង្វង់មូលរូបសំណាកលោកតាដំបងគ្រញូង ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ។

អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង លោក សុខ លូ បានសម្តែងនូវការកោតសរសើរដល់មន្ត្រីសុវត្ថិភាពចរាចរណ៍ និងយុវជនកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាចូលរួមក្នុងការអប់រំផ្សព្វផ្សាយ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យចូលរួមលើកកម្ពស់ និងពង្រឹងការអនុវត្តច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ជាពិសេសក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២២នេះ ។

លោក ប្រធានគណៈកម្មាធិការសាខា បានគូសបញ្ជាក់ថា ៖ «បន្ទាប់ពីស្ថានភាពនៃជំងឺកូវីដ-១៩នៅកម្ពុជាមានភាពធូរស្រាល និងការបើកឱកាសដល់ការធ្វើដំណើរតាមដងផ្លូវកាន់តែមមារញឹកនោះ ស្ថានភាពនៃគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាគួរឱ្យព្រួយបារម្ភចំពោះសោកនាដកម្មនេះ ជាមូលហេតុចម្បងដែលបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរនោះគឺមកពីមនុស្សម្នាក់ៗ ដែលមិនគោរពច្បាប់ចរាចរណ៍ ក្នុងនោះមានដូចជា ការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព មិនគោរពសញ្ញាចរាចរណ៍ មិនពាក់មួកសុវត្ថិភាពត្រឹមត្រូវ ការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងការបើកបរក្នុងពេលស្រវឹងជាដើម ។

លោក សុខ លូ បានថ្លែងថា កត្តាគ្រោះថ្នាក់ចរាចរណ៍ គឺជាបញ្ហាដែលយើងត្រូវយកចិត្តទុកដាក់ក្នុងការដោះស្រាយទាំងអស់គ្នា ដោយការចូលរួមទប់ស្កាត់ កាត់បន្ថយ និងត្រៀមបង្ការបាន តាមរយៈការចូលរួមអនុវត្តច្បាប់របស់ពលរដ្ឋគ្រប់ៗរូប ។ ដូចនេះភារកិច្ចរបស់យើងគឺការចុះអប់រំផ្សព្វផ្សាយលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ។

ក្នុងនោះលោក បានអំពាវនាវដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ មេត្តាយោគយល់ចំពោះការប្រកាន់យកវិធានការច្បាប់ដ៏តឹងរឹងចំពោះបទល្មើសចរាចរណ៍ផ្លូវគោកដើម្បីចៀសវាងពីការប្រឈមមុខចំពោះផ្លូវច្បាប់ គឺត្រូវតែ គោរពនិងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្លួន ដើម្បីការពារអាយុជីវិតខ្លួនឯង និងភាពសុខដុមរម្យនា ក្នុងក្រុមគ្រួសារ ជាពិសេសបានចូលរួមការពារទ្រព្យសម្បត្តិរបស់ខ្លួន ក៏ដូចជាការរួមគ្នាលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិយើងផងដែរ ៕

ដោយ៖ ឡាច សុគន្ធាវី