សន្តិសុខសង្គម

នគរបាលឃាត់ខ្លួនបុរសម្នាក់ជាមេការ និងនារីចំនួន ៤នាក់ ពាក់ព័ន្ធប្រព្រឹត្តិអំពើ សញ្ចារកម្ម

image


ភ្នំពេញ៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបជាក់ស្តែងករណីប្រព្រឹត្តិអំពើ សញ្ចារកម្ម មានស្ថានទម្ងន់ទោស (បើកហាងម៉ាស្សាបង្កប់បម្រេីសេវាផ្លូវភេទ) ដោយបានឃាត់ខ្លួនបុរសម្នាក់ជាមេខ្យល់ និងនារីរងគ្រោះចំនួន ៤នាក់(អនីតិជនចំនួន២នាក់) និងវត្ថុតាងស្រោមប្រើប្រាស់រួចមួយចំនួន និងមិនទាន់ប្រើប្រាស់មួយចំនួន។

ក្នុងករណីនេះ ដោយមានការចង្អុលបង្ហាញពី ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និង លោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ដឹកនាំប្រតិបត្តិការផ្ទាល់ដោយ លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងលោកវរសេនីយ៍ទោ ហាក់ លី នាយរងការិយាល័យ បានធ្វើការឃាត់បុរសម្នាក់ជាអ្នកគ្រប់គ្រង និងនារីរងគ្រោះក្មេងៗចំនួន ៤នាក់ នៅវេលាម៉ោង៩យប់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចហាងម៉ាស្សាយីហោ សម្រស់ម្ល៉េះ ស្ថិតនៅផ្ទះលេខ៣៥ ផ្លូវលំ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ បានឲ្យដឹងថា ទីតាំងហាងម៉ាស្សាយីហោ សម្រស់ម្ល៉េះ មានថៅកែប្រុសម្នាក់គឺជាអ្នកមើលការខុសត្រូវ នៅក្នុងហាងនេះមានស្រីៗរង់ចាំទទួលភ្ញៀវម៉ាស្សា និងរួមភេទចំនួន ៤នាក់ សង្ស័យអនីតិជន ២នាក់) និងមានបន្ទប់សម្រាប់រួមភេទចំនួន ២បន្ទប់ តម្លៃម៉ាស្សាធម្មតា ២០.០០០រៀល ក្នុងមួយម៉ោង និងតម្លៃនៃការរួមភេទក្នុងមួយដងចាប់ពី ២០$ ទៅ ២៥$ ហើយលុយដែលបានមកពីការរួមភេទ ថៅកែហាងចែកស្មើគ្នាជាមួយស្រីៗម៉ាស្សាទាំងនោះ។ ហាងម៉ាស្សានេះ បើក ដំណើរការរកស៊ីទទួលភ្ញៀវចាប់ពីម៉ោង ៨ព្រឹក រហូតដល់ យប់អាធ្រាតទើបបិទទ្វារ។ រីឯនារីដែលសង្ស័យជាអនីតិជនចំនួន ២នាក់ ចូលមកបម្រើការងារចាប់ពីម៉ោង ៧យប់ រហូតដល់ម៉ោង ១០យប់។

ក្រោយប្រតិបត្តិការបង្ក្រាប កម្លាំងជំនាញបាននាំខ្លួនបុរសមេការទៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីសួរនាំកសាងសំណុំរឿងចាត់ការតាម នីតិវិធី។ ចំណែកនារីរងគ្រោះទាំង ៤នាក់ ត្រូវបានប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញធ្វើការអប់រំ៕

អត្ថបទ៖ ឌីយ៉ាម៉ង់