សង្គម

រថយន្តធុនធ្ងន់ចំនួន ៣៣គ្រឿង ត្រូវបានរកឃើញដឹកជញ្ជូនលើសទម្ងន់ក្នុងកម្រិតអនុគ្រោះ ក្រោយក្រុមការងារបានឆ្មក់ចុះត្រួតពិនិត្យរយៈពេល២ថ្ងៃ ក្នុងភូមិសាស្ត្រខេត្តកណ្តាល

image


កណ្តាល៖ រយៈពេលពីរថ្ងៃ លោក គឹម សាន់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់របស់ក្រសួង ចុះរឹតបន្តឹងច្បាប់ស្ដីពីការអនុវត្តច្បាប់ដឹកជញ្ជូនលើទម្ងន់កម្រិតកំណត់នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល។

ប្រតិបត្តិការនេះ បានត្រួតពិនិត្យរកឃើញរថយន្តធ្ងន់ធ្ងន់ចំនួន ៣៣គ្រឿងលើសទម្ងន់ក្នុងកម្រិតអនុគ្រោះ តាមរយៈការដាក់ជញ្ជីងថ្លឹងនៅចំណុចគល់ស្ពានព្រែកសំរោង ផ្លូវលេខ២១បេ ភូមិព្រែកសំរោង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល តាំងពីថ្ងៃរសៀលរហូតដល់ពាក់កណ្ដាលយប់អាធ្រាត ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល។

លោកអនុរដ្ឋលេខាធិការ បានពន្យល់ណែនាំដល់ម្ចាស់រថយន្តឱ្យយល់ពីច្បាប់នៃការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ (ច្បាប់ផ្លូវថ្នល់) និងបានណែនាំកុំឱ្យដឹកជញ្ជូនលើសទម្ងន់បន្តទៀត ព្រោះការដឹកលើសទម្ងន់ បានបង្កមហន្តរាយដល់ផ្លូវជាតិ និងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ។

បន្ថែមពីលើនេះ លោកអនុរដ្ឋលេខាធិការ បានរំលឹកពីការណែនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលតែងតែលើកឡើងថា «សូមអ្នកបើកបរដឹកជញ្ជូនទាំងអស់ កុំខ្លាចមន្ត្រីសមត្ថកិច្ច តែត្រូវខ្លាចច្បាប់»។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានឃាត់ទុកយានយន្តសរុបទូទាំងប្រទេសចំនួន ២៦៣គ្រឿង៕