ឡាវមានបំណងតភ្ជាប់ផ្លូវដែកមកកាន់កម្ពុជា ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញរវាងភាគីទាំងពីរ និងប្រទេសចិន
អត្ថបទ៖ វង សុភ័ក្ត្រ
វៀងចន្ទ៖ អគ្គនាយកក្រុមហ៊ុនកំពង់ផែស្ងួតដ៏ធំបំផុតរបស់ឡាវ បានអះអាងថា ទៅថ្ងៃអនាគតក្រុមហ៊ុនមានគម្រោងតភ្ជាប់ផ្លូវដែកពីឡាវមកកម្ពុជា ដែលជាមធ្យោបាយដឹកជញ្ជួនមួយធ្វើឲ្យការដឹកជញ្ជួនទំនិញ ពិសេសកសិផលពីកម្ពុជាទៅប្រទេសចិននឹងចំណាយពេលវេលាខ្លីជាងបច្ចុប្បន្ននេះ និងនីតិវិធីងាយស្រួលទៀតផង។
ការអះអាងរបស់អគ្គនាយកក្រុមហ៊ុនកំពង់ផែស្ងួត Veintiane Logistice Park ដែលជាគម្រោងវិនិយោគលើបណ្តាញ ផ្លូវគមនាគមន៍ផ្លូវគោកដ៏ធំមួយរបស់ប្រទេសឡាវនេះ បានជម្រាបជូនលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ចតំណាងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដែលបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាទៅទស្សនកិច្ចកំពង់ផែស្ងួតនេះ នៅប្រទេសឡាវ កាលពីថ្ងៃទី ១៥ខែកញ្ញា ឆ្នាំ ២០២២។
តាមរបាយការណ៍របស់ថ្នាក់ដឹកនាំ កំពង់ផែស្ងួត Veintiane Logistice Park បានឲ្យដឹងថា គម្រោងវិនិយោគដោយទុននៅក្នុងស្រុកក្នុងទំហំទឹកប្រាក់ប្រមាណជាង ៧០០លានដុល្លារ ក្នុងការតភ្ជាប់ផ្លូវដែកពីប្រទេសឡាវទៅប្រទេសចិន និងប្រទេសក្នុងតំបន់អាស៊ាន និងពីឡាវទៅប្រទេសនៅប៉ែកអឺរ៉ុប មានអាល្លឺម៉ង់ជាដើម។
គម្រោងនេះនឹងធ្វើឲ្យប្រទេសឡាវ ដែលគ្មានកំពង់ផែសមុទ្រមានផ្លូវគមនាគមន៍ដឹកជញ្ជួនភ្ជាប់ទៅកាន់ពិភពលោក គឺ Land lock to land link។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានវាយតម្លៃខ្ពស់ចំពោះគម្រោងវិនិយោគដ៍ធំនេះ។ លោកស្រីចាត់ទុកថាគម្រោងនេះជាចក្ខុវិស័យវែងឆ្ងាយមួយរបស់ថ្នាក់ដឹកនាំប្រទេសឡាវ ហើយនេះជាគម្រោងមួយគួរជាទីមោទនណាស់ពីព្រោះបានប្រើប្រាស់ទុននៅក្នុងស្រុក។
ចំពោះគម្រោងចង់តភ្ជាប់ផ្លូវគមនាគមន៍ចូលមកកម្ពុជានោះលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងពាំនាំគម្រោងនេះជូនថ្នាក់ដឹកនាំ។ លោកស្រីបានបញ្ជាក់ថា កម្ពុជាត្រៀមស្វាគមន៍ជានិច្ច នៅពេលក្រុមហ៊ុនចុះទៅសិក្សានៅកម្ពុជានោះ៕









