ព័ត៌មានជាតិ

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ៧ខែឆ្នាំ២០២២ មានរថយន្តអគ្គិសនីសរុប ៣០៥គ្រឿង បានចុះបញ្ជី ខណៈក្រសួង កំពុងជំរុញការដំឡើងស្ថានីយបញ្ចូលថាមពល ឱ្យបានទូលំទូលាយនៅទូទាំងប្រទេស

image


សៀមរាប៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី១៤ ខែកញ្ញា បានសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) ដែលមានទីតាំងឋិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមពីលោក Butchaiah Gadde តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP)។

ក្នុងពិធីនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងពីការកើនឡើងគួរឱ្យកត់សម្គាល់នៃការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា ដោយក្នុងរយៈពេល៧ខែ ក្នុងឆ្នាំ២០២២ មានរថយន្តអគ្គិសនីសរុបចំនួន ៣០៥គ្រឿងបានចុះបញ្ជី ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ មានការកើនឡើងប្រមាណ១៨០៦% ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញនូវការយល់ដឹង និងការគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋលើការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា។

លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា ការប្រើប្រាស់រថយន្តអគ្គិសនីមានគុណសម្បត្តិល្អច្រើនជាងរថយន្តប្រើប្រេងឥន្ធនៈ ដោយពន្ធនាំចូលលើរថយន្តអគ្គិសនីនេះមានតម្លៃទាបជាងពន្ធនាំចូលនៃរថយន្តប្រើប្រេងឥន្ធនៈ។ ម្យ៉ាងវិញទៀតការប្រើប្រាស់រថយន្តអគ្គិសនីចំណេញថាមពលច្រើនជាងរថយន្តប្រើប្រេងឥន្ធនៈដល់ទៅ៣ដង ចំណែកការជួសជុលថែទាំមានការចំណាយតិចដោយសារគ្រឿងបន្លាស់រថយន្តអគ្គិសនីមានចំនួនតិច ជាពិសេសជាងនេះទៀត ការប្រើប្រាស់រថយន្តអគ្គិសនីមិនបំភាយឧស្ម័នពុលទៅក្នុងបរិយាកាស និងមានសំឡេងស្ងាត់ល្អផងដែរ។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី បានសម្តែងមោទកភាពដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យធ្វើជាប្រធានដឹកនាំក្រុមការងារអន្តរក្រសួងសម្រាប់រៀបចំតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្ត្រជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា និងបានជំរុញលើកទឹកចិត្តឱ្យវិស័យឯកជនវិនិយោគលើការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីឱ្យបានទូលំទូលាយនៅទូទាំងប្រទេស ជាពិសេសនៅតាមស្ថានីយលក់ប្រេងឥន្ធនៈដើម្បីធានាបាននូវការផ្គត់ផ្គង់ថាមពលអគ្គិសនីដល់យានយន្តបានគ្រប់ពេលវេលា។
លោកទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការសហការជាមួយដៃគូអភិវឌ្ឍន៍នានា ដូចជាកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ដើម្បីចាប់ផ្ដើមត្រួសត្រាយផ្លូវឱ្យវិស័យឯកជនចូលរួមលើការវិនិយោគក្នុងការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី និងបានជម្រាបជូនថា៖ ក្រៅពីរថយន្តអគ្គិសនី ក្រសួងបានជំរុញទោចក្រយានយន្ត(ម៉ូតូ)ឱ្យប្រើប្រាស់ថាមពលអគ្គិសនីផងដែរ ក្នុងនោះអង្គការ UNDP បានឯកភាពផ្ដល់ម៉ូតូឱ្យក្រសួងចំនួន៣០គ្រឿង ហើយក្រសួងគ្រោងទិញប្រមាណពី៣០ទៅ៥០គ្រឿងបន្ថែមទៀតដើម្បីចាប់ផ្ដើមប្រើប្រាស់នៅក្នុងក្រសួង និងបានធ្វើការជាមួយនឹងក្រុមហ៊ុនដឹកជញ្ជូនអាហារ ដើម្បីឱ្យប្ដូរពីម៉ូតូដែលប្រើប្រេងឥន្ធនៈទៅជាម៉ូតូប្រើអាគុយវិញ។

ទន្ទឹមនឹងនេះ លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងបន្ថែមថា ក្រសួងបានបញ្ជាទិញរថយន្តអគ្គិសនីចំនួន៤គ្រឿង បូកបន្ថែមជាមួយនឹងការផ្តល់ជូនជាជំនួយដោយផ្នែកឯកជនចំនួន៣គ្រឿង ក្នុងខែតុលា ក្រសួងនឹងមានរថយន្តអគ្គិសនីចំនួន៧គ្រឿង ហើយក្រសួងនឹងខិតខំប្រឹងប្រែងបន្តទៀតក្នុងការទិញរថយន្តប្រភេទនេះដើម្បីប្រើប្រាស់ក្នុងការចុះត្រួតពិនិត្យគុណភាពនៃការសាងសង់ផ្លូវ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិដែលបានផ្ដល់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីទីបី នៅខេត្តសៀមរាប និងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីទី៤ នៅខេត្តបាត់ដំបង ហើយសង្ឃឹមជឿជាក់ថា៖ វិស័យឯកជនក៏ដូចជាដៃគូអភិវឌ្ឍន៍ផ្សេងទៀត នឹងផ្ដល់ស្ថានីយបញ្ចូលថាមពលអគ្គិសនីយានយន្តបន្ថែមទៀតដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋអាចទិញរថយន្តអគ្គិសនីឱ្យបានច្រើន និងប្រើប្រាស់បានទូលំទូលាយផងដែរ។

សូមបញ្ជាក់ថា៖ គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងបានដាក់ឱ្យដំណើរការនូវស្ថានីយបញ្ចូលថាមពលយានយន្តអគ្គីសនីបានចំនួន៣ទីតាំង ក្នុងនោះ៖ ទីតាំងទី១ស្ថិតនៅក្នុងទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ទីតាំងទី២ស្ថិតនៅក្នុងខេត្តព្រះសីហនុ ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២កន្លងទៅ និងទីតាំងលើកទី៣ស្ថិតនៅក្នុងក្រុងសៀមរាប នាពេលនេះ។
ក្រសួងនឹងដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីទី៤ នៅខេត្តបាត់ដំបង ដែលជាជំនួយរបស់អង្គការ UNDP ដើម្បីជំរុញលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់យានយន្តអគ្គិសនីឱ្យបានច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា៕