សមត្ថកិច្ចចរាចរណ៍ខេត្តពោធិ៍សាត់ អះអាងថា ការបិទបាំងផ្លាកសញ្ញាចរាចរណ៍ខ្លះនៅលើផ្លូវជាតិលេខ៥ ដោយសារផ្លូវកំពុងសាងសង់មិនទាន់រួចរាល់

ពោធិ៍សាត់៖ ពាក់ព័ន្ធនឹងការបិទបាំងស្លាកសញ្ញាចរាចរណ៍ខ្លះ ដែលបានបំពាក់រួចរាល់ ដូចជាស្លាកសញ្ញាកំណត់ល្បឿនជាដើម នៅលើផ្លូវជាតិលេខ៥ ដោយសារក្រុមស្ថាបនាផ្លូវបិទបាំងបែបនេះ ផ្លូវនេះមិនទាន់សាងសង់រួចរាល់ (ផ្លូវមានការដ្ឋាន) ដើម្បីចៀសវាងប្រជាពលរដ្ឋអនុវត្តតាមផ្លាកសញ្ញា នាំឲ្យមានការខុសឆ្គង ហើយអ្នកដែលបិទគឺជាក្រុមអ្នកសាងសង់ផ្លូវ។ នេះបើយោងតាមការបកស្រាយរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីមានការរិះគន់ និងចែកចាយនៅក្នុងហ្វេសបុក។
ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ក៏បានបកស្រាយដែរថា ចំពោះក្រុមមន្ដ្រីនគរបាលចរាចរណ៍ដែលអនុវត្តច្បាប់ចរាចរណ៍នោះ(បាញ់ល្បឿន) ដោយសារមួយរយៈពេលចុងក្រោយនេះ ឃើញមានប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវបំពានច្បាប់ចរាចរណ៍ ដោយបើកបរក្នុងល្បឿនលឿនៗ ដែលងាយនឹងបង្កគ្រោះថ្នាក់ចរាចរណ៍ ខណៈផ្លូវកំពុងសាងសង់ ហើយក្រុមការងារជំនាញអនុញ្ញាតឲ្យធ្វើចរាចរណ៍តែម្ខាងផ្លូវ ដោយបិទផ្លូវម្ខាងទៀត។ ចំពោះការបាញ់ល្បឿននេះចន្លោះគីឡូ១៩៥-១៩៦ បាញ់នៅទីតាំងដែលកំណត់៩០គីឡូម៉ែត្រក្នុងមួយម៉ោង។ ក្នុងច្បាប់បានកំណត់ថា ផ្លូវគ្មានផ្លាកសញ្ញា គឺអនុញ្ញាតឲ្យបើកបរក្នុងល្បឿនក្រោម៨០គីឡូម៉ែត្រក្នុងម៉ោង ប៉ុន្ដែស្ថានភាពជាក់ស្ដែង នៃការប្រើប្រាស់ផ្លូវរបស់អ្នកបើកបរនៅលើផ្លូវជាតិលេខ៥នេះ មិនក្រោមល្បឿន ១០០គីឡូម៉ែត្រក្នុងមួយម៉ោងនោះទេ។ ថ្មីៗនេះ មានអ្នកធ្វើចរាចរណ៍ទៅមកតាមបណ្តោយផ្លូវជាតិលេខ៥ មួយចំនួនមិនទាន់បានដឹងអំពីស្ថានភាពផ្លូវ និងវិធានការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍របស់សមត្ថកិច្ចនគរបាលចរាចរណ៍។
បច្ចុប្បន្ន ផ្លូវជាតិលេខ៥ កំពុងស្ថិតនៅក្នុងស្ថានភាពសាងសាងមិនទាន់រួចរាល់នៅឡើយ ដែលនាំឱ្យមានការដ្ឋានជាច្រើនតាមដងផ្លូវ។ ដូចនេះ ក្រុមការងារជំនាញអនុញ្ញាតឲ្យធ្វើចរាចរណ៍តែម្ខាងផ្លូវ ដោយបិទផ្លូវម្ខាងទៀត និងបិទបាំងផ្លាកសញ្ញាខ្លះដែលបានបំពាក់រួចហើយ ដូចជាផ្លាកសញ្ញាកំណត់ល្បឿនជាដើម។ ម្យ៉ាងវិញទៀត ដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ ឬគ្រោះថ្នាក់ផ្សេងទៀតដែលអាចកើតមានឡើងជាយថាហេតុ ហើយដោយសង្កេតឃើញថា មានអ្នកបើកបរមួយចំនួនបើកបរក្នុងល្បឿនលឿននៅលើផ្លូវដែលមានការដ្ឋាននេះ សមត្ថកិច្ចនគរបាលចរាចរណ៍ បាននិងកំពុងចាត់វិធានច្បាប់ដែលមានធរមាន។
ទន្ទឹមនឹងនេះ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវបើកបរដោយមានការប្រុងប្រយ័ត្ន ហើយកុំបើកបរលឿនហួសកំណត់ ពិសេសផ្លូវដែលកំពុងស្ថាបនាមិនទាន់រួចរាល់។ ជាក់ស្ដែងដូចផ្លូវជាតិលេខ៥នេះជាដើម ដែលអាចមានគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង ហើយការអនុវត្តច្បាប់ចរាចរណ៍របស់មន្ដ្រីអ្នកអនុវត្តច្បាប់ ដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ៕
