សង្គម

ខេត្តបាត់ដំបង បើកយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីលើកកម្ពស់ការយល់ដឹងអំពីគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌជិតចូលមកដល់

image


បាត់ដំបង៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង សហការជាមួយមន្ទីរសាធារណ:ការនិងដឹកជញ្ជូនខេត្ត ការិយាល័យនគរបាលចរាចណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមជាមួយយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា សរុប៦៣នាក់ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានបើកយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីលើកកម្ពស់ការយល់ដឹងអំពីគ្រោះថ្នាក់ចរាចរណ៍សម្រាប់អ្នកប្រើប្រាស់ផ្លូវអាស៊ានហាយវ៉េ អតីតផ្លូវជាតិលេខ៥ ត្រង់ចំណុចឃុំអូរដំបង២ និងឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។

អនុប្រធានគណ:កម្មាធិការសាខា លោក កង ប៊ន បានបញ្ជាក់ថា ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាពិសេសការចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌ ដែលនឹងឈានចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ សាខាខេត្តបាត់ដំបង រួមជាមួយមន្ត្រីសុវត្ថិភាពចរាចរណ៍ ព្រមទាំងយុវជនកាកបាទក្រហមកម្ពុជា បានបើកយុទ្ធនាការនេះឡើង ដើម្បីជាការក្រើនរម្លឹក និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមលើកកម្ពស់និងពង្រឹងការអនុវត្តច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ។

លោក កង ប៊ន បានបន្តថា បន្ទាប់ពីស្ថានភាពនៃជំងឺកូវីដ-១៩ នៅកម្ពុជាមានសភាពធូរស្រាល
ហើយនៅក្នុងពិធីបុណ្យកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌចូលមកដល់ ដែលជាការបើកឱកាសដល់ការធ្វើដំណើរតាមដងផ្លូវកាន់តែមានភាពមមារញឹកខ្លាំង ហើយគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាគួរឱ្យព្រួយបារម្ភ មូលហេតុចម្បងដែលបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរនោះគឺមកពីមនុស្សម្នាក់ៗ ដែលមិនគោរពច្បាប់ចរាចរណ៍ ក្នុងនោះមានដូចជា ការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព មិនគោរពស្លាកសញ្ញាចរាចរណ៍ មិនពាក់មួកសុវត្ថិភាពបានត្រឹមត្រូវ ការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងការបើកបរក្នុងពេលស្រវឹងជាដើម ។

លោក បានថ្លែងថា ទន្ទឹមនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បញ្ហាដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ក៏ជារឿងដែលយើងត្រូវយកចិត្តទុកដាក់ក្នុងការដោះស្រាយទាំងអស់គ្នាផងដែរ ប៉ុន្តែបញ្ហានេះ យើងអាចចូលរួមទប់ស្កាត់កាត់បន្ថយ និងត្រៀមបង្ការបាន តាមរយៈការចូលរួមអនុវត្តច្បាប់របស់ពលរដ្ឋម្នាក់ៗ ដូចនេះភារកិច្ចរបស់យើង គឺចុះអប់រំផ្សព្វផ្សាយលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ។

នាយករងប្រតិបត្តិសាខាខេត្តបាត់ដំបង បានបញ្ជាក់ថា ដើម្បីចៀសវាងពីការប្រឈមចំពោះផ្លូវច្បាប់ សូមគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្លួន ដើម្បីការពារអាយុជីវិតខ្លួនឯងផ្ទាល់ដើម្បីភាពសុខដុមរម្យនា ក្នុងក្រុមគ្រួសារ ដើម្បីការពារទ្រព្យសម្បត្តិរបស់បងប្អូន និងដើម្បីរួមគ្នាលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិយើង ថែមទៀតផង ៕

ដោយ៖ គួយ គឹមស៊ន