ព័ត៌មានជាតិ

ប្រជាកសិករដាំដំណាំសណ្តែកដីនៅស្រុកពេជ្រាដា រីករាយនឹងការប្រមូលផល ដោយឆ្នាំនេះទទួលបានផលច្រើនគួរសម្យជាងឆ្នាំមុន 

image

2មណ្ឌលគិរី៖ ប្រជាកសិករដាំដំណាំសណ្តែកដីរីករាយនឹងការប្រមូលផលនាឆ្នាំនេះ ដោយពួកគាត់ទទួលផលបានគាប់ប្រសើរជាងឆ្នាំមុន ចំណែកតម្លៃនៅលើទីផ្សារវិញសមរម្យអាចទទួលយកបាន នេះបើតាមការឲ្យដឹងពីប្រជាកសិករដែលកំពុងធ្វើការប្រមូលផលដំណាំសណ្តែកដី នៅឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ 

លោក កៅ អែល ជាកសិករដាំដំណាំសណ្តែកដីនៅស្រុកពេជ្រាដា បានឲ្យដឹងថា ការដាំដុះសណ្តែកដីនេះក្នុងមួយឆ្នាំលោកដាំបានពីរដង លើកទីមួយពីខែមេសា ដល់ខែសីហា និងលើកទី២ ពីខែសីហា ដល់ខែធ្នូ។ ហើយការដាំដំណាំនេះដែរ គេប្រើរយះពេលពី៣ ទៅ៣ខែកន្លះ ពីការចាប់ផ្តើមដាំដុះរហូតដល់ការប្រមូលផល ចំពោះផ្ទៃដីដាំដុះវិញក្នុងហិចតាលោកប្រមូលផលបាន៥០០គីឡូក្រាម ហើយក្នុងមួយគីឡូក្រាមលក់បាន ៣២០០រៀលសម្រាប់សណ្តែកដីស្ងួត។ លោកបន្តថា  ក្នុងការបង្ករបង្កើនផលនេះគឺលោកជួលដីពីគេក្នុងមួយរដូវ៦០ម៉ឺនរៀល ហើយកាលពីឆ្នាំមុនលោកមិនទទួលបានផលសោះ ដោយហេតុមិនមានភ្លៀងគ្រាប់គ្រាន់ ធ្វើឲ្យក្សត់ និងគ្មានមើម។

អ្នកមីង ទុំ ទី ជាកសិករម្នាក់ដែរ បានឲ្យដឹងថា ចំពោះការដាំដំណាំសណ្តែកដីនេះជួបការលំបាកខ្លះ  ដោយសារមេភ្លៀងខ្លាំងពេក ធ្វើឲ្យដំណាំវារលួយ អត់មើម ហើយប្រសិនបើមើមល្អដុះស្មើក្នុងមួយហិចតាទទួលបាន៤០បេ ហើយក្នុងមួយបេ បើសាច់ពេញទទួលបាន៧០គីឡូក្រាម តែបើសាច់អត់ពេញទទួលបានតែ៤០គីឡូក្រាមប៉ុណ្ណោះ។ ហើយចំពោះតម្លៃសណ្តែកដីវិញ លក់បាន ៣០០០រៀលក្នុងមួយគីឡូក្រាម សម្រាប់សណ្តែកដីស្ងួត  ចំណែកសណ្តែកដីសើម លក់បាន២២០០រៀលក្នុងមួយគីឡូក្រាម។ ក្នុងនោះដែរ អ្នកមីក៏បានសំណូមពរដល់មន្ទីរជំនាញ ក៏ដូចជាមន្ទីរកសិកម្ម ជួយរកទីផ្សារ និងធ្វើយ៉ាងណាឲ្យតម្លៃដំណាំសណ្តែកដីនេះ លក់ចេញពីខ្ពស់ជាងនេះបន្តិច ដើម្បីឲ្យប្រជាកសិករមានកម្លាំងចិត្តក្នុងការដាំដុះ និងជួយបង្កើនចំនូលក្នុងជីវភាពរស់នៅប្រចាំថ្ងៃផងដែរ។

ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី លោក សុង ឃាង បានឲ្យដឹងថា នៅរដូវបង្កបង្កើនផលសណ្តែកដីនាឆ្នាំនេះ ឃើញថាកសិករដាំដុះ និងប្រមូលបានច្រើនគួរសម្យ ចំណែកឯផ្ទៃដីដាំដុះសណ្តែកដីសរុបទូទាំងខេត្តមណ្ឌលគិរីមានចំនួន៣៨០០ហិចតា រីឯតម្លៃសណ្តែកដីវិញអាចលក់ចេញបានពីចន្លោះ២៧០០រៀល ទៅ៣០០០រៀលក្នុងមួយគីឡូក្រាម។អត្ថបទ នាង ចាន់ថា +ប៊ុត សុភ័ក្រ