សុខភាព

អាជ្ញាធរហុងកុងឃាត់ខ្លួនមនុស្ស៥នាក់ពីបទបង្កើតគម្រោងការងារបោកប្រាស់តាមអនឡាញនៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍

image

ហុងកុង៖ អាជ្ញាធរទីក្រុងហុងកុងបានឃាត់ខ្លួនមនុស្សចំនួន៥នាក់កាលពីរសៀលថ្ងៃអាទិត្យខែសីហា បន្ទាប់ពីរកឃើញថា មនុស្សទំាង៥នាក់នោះបានបង្កើតគម្រោងការងារបោកប្រាស់មួយ ដើម្បីអន្ទងចិត្តដល់ជនរងគ្រោះនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយបន្ទាប់មកទៀតឃុំខ្លួនជនរងគ្រោះដើម្បីបង្ខំឱ្យធ្វើការងារខុសពីឆន្ទះរបស់ពួកគេ។
អាជ្ញាធរនគរបាលក្រុងហុងកុងដដែលបានថ្លែងប្រាប់ដល់ទីភ្នាក់ងារព័ត៌មានបារំាងអាអេហ្វប៉េ(AFP)ថា កាលពីពេលថ្មីៗនេះ ជនរងគ្រោះត្រូវគេរាយការណ៍ថា បានធ្វើដំណើរទៅកាន់ប្រទេសជាច្រើននៅក្នុងតំបន់ក្នុងនោះរួមមាន ប្រទេសមីយ៉ាន់ម៉ា កម្ពុជា ថៃឡងដ៍ ហើយនិងប្រទេសឡាវ ក្រោមរូបភាពសន្យាកុហកថានឹងរកការងារដែលមានប្រាក់ចំណូលខ្ពស់ បន្ទាប់មកចាប់បង្ខំាងដើម្បីឱ្យធ្វើការងារតែម្តង។
កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ អាជ្ញាធរក្រុងហុងកុងបានបង្កើតក្រុមការងារមួយដើម្បីជួយដល់ពលរដ្ឋដែលរងគ្រោះត្រូវគេជួញដូរ បន្ទាប់ពីពួកគេបានធ្លាក់ចូលក្នុងអន្ទាក់បោកប្រាស់។
តាមសេចក្តីរាយការណ៍បានឱ្យដឹងបន្តទៀតថា បន្ទាប់ពីអាជ្ញាធរក្រុងហុងកុងបង្កើតក្រុមការងារតាមដាននោះមក មានជនរងគ្រោះត្រូវគេបោកប្រាស់ចំនួន៣៦នាក់បានស្នើសុំឱ្យនគរបាលហុងកុងជួយដោះស្រាយដើម្បីឱ្យពួកគេបានចេញរួចផុតពីកណ្តាប់ដៃក្រុមឧក្រិដ្ឋជនទំាងនោះ។
នាយនគរបាលជាន់ខ្ពស់មួយរូបឈ្មោះ តូនី ហូ របស់ក្រុងហុងកុងទទួលបន្ទុកការិយាល័យឧក្រិដ្ឋកម្មបានរៀបរាប់ប្រាប់ដល់បណ្តាញផ្សព្វផ្សាយអន្តរជាតិថា នៅក្នុងចំណោមមនុស្សទំាង៥នាក់ដែលអាជ្ញាធរនគរបាលធ្វើការឃាត់ខ្លួនក្នុងនោះមានបុរស៣នាក់ និងស្រ្តី២នាក់។
មន្រ្តីនគរបាលហុងកុងដដែលនេះបាននិយាយបន្តទៀតថា នៅមានមនុស្សចំនួន២២នាក់ផ្សេងទៀត ត្រូវគេជឿជាក់កំពុងតែផុងខ្លួនជាប់អន្ទាក់ក្រុមអ្នកបោកប្រាស់រឿងការងារនៅក្នុងប្រទេសកម្ពុជា និងប្រទេសមីយ៉ាន់ម៉ា ហើយក្នុងចំណោមពួកគេទំាងអស់នោះ មានចំនួន៩នាក់មិនអាចទាក់ទងក្រុមគ្រួសាររបស់គេបានឡើយ។
ពាក់ពន្ធ័នឹងកំរិតតំបន់នេះដែរ ដោយយោងតាមតួលេខក្នុងស្ថិតិចុងក្រោយរបស់នគរបាលសិង្ហបុរីបានបង្ហាញឱ្យដឹងថា គម្រោងការងារបោកប្រាស់នៅតាមអនឡាញមានទំហំទឹកប្រាក់ប្រមាណជា ៦.៥លានដុល្លារសិង្ហបុរីកាលពីពាក់កណ្តាលត្រីមាសទី១ក្នុងឆ្នំា២០២១ និងមានទំហំទឹកប្រាក់ប្រមាណជា៦០,០០០ដុល្លារសិង្ហបុរីទៀតមានក្នុងរយៈពេលដូចគ្នាក្នុងឆ្នំា២០២០។ អ្វីដែលគួរឱ្យកត់សម្គាល់នោះពោលគឺ គម្រោងរៀបចំការងារបោកប្រាស់នៅតែបន្តកើនឡើងដល់ទៅ១៦ដង ដែលមានន័យថា កើនចំនួនគម្រោងបោកប្រាស់ដល់ទៅ៦៥៨គម្រោង ដែលកាលពីពាក់កណ្តាលឆ្នំា២០២០កន្លងទៅមានត្រឹមតែ៤០គម្រោងបោកប្រាស់ប៉ុណ្ណោះដែលអាជ្ញាធររកឃើញហើយបានលាតត្រដាងចេញមក៕


ប្រែសម្រួល៖ ប្រាក់ សម្ជស្ស
ប្រភព៖ AFP/ CNA