ព័ត៌មានអន្តរជាតិ

ថៃនឹងពង្រីកទិដ្ឋាការស្នាក់នៅដល់ភ្ញៀវទេសចរ ពី១៥ ទៅ ៣០ថ្ងៃ ខណៈប្រទេសខ្លួនទទួលបានភ្ញៀវទេសចរត្រឹមតែ ៣,៧៨ លាននាក់ ចាប់ពី ខែមករា ដល់ពាក់កណ្តាល ខែសីហា ឆ្នាំ២០២២

image


ថៃឡង់ដ៍៖ រាប់ចាប់តាំងពីខែមករា ដល់ថ្ងៃទី១៧ ខែសីហា ប្រទេសថៃឡង់ដ៍ បានកត់ត្រាចំនួនភ្ញៀវទេសចរដែលមកលេងកម្សាន្តក្នុងប្រទេសរបស់ខ្លួន ក្នុងចំនួនប្រមាណជា ៣.៧៨លាននាក់។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីមន្ត្រីរដ្ឋាភិបាលថៃមួយរូប នៅថ្ងៃសុក្រនេះ។
លោកថាវិស៊ីន វិសានុយុធីន (Taweesin Visanuyothin) មន្ត្រីអ្នកនាំពាក្យឱ្យរដ្ឋាភិបាលមកពីក្រុមការងារទទួលបន្ទុកនិងគ្រប់គ្រងជំងឺកូវីដ-១៩ បានលើកឡើងថា ភ្ញៀវទេសចរភាគច្រើនមកពីប្រទេសម៉ាឡេស៊ី ឥណ្ឌា និងសិង្ហបុរី ដោយបានបង្កើតប្រាក់ចំណូលចំនួន ១៧៦ ពាន់លានបាត (៤.៩៣ ពាន់លានដុល្លារអាម៉េរិក)។ អ្នកនាំពាក្យរូបនេះ ក៏បានបន្ថែមផងដែរថា ប្រទេសថៃឡង់ដ៍នឹងអនុម័តិលើការពង្រីករយៈពេលទិដ្ឋាការអំឡុងនៃការមកដល់ប្រទេសថៃឡង់ដ៍ (extend visa-on-arrival) ដែលនឹងអនុវត្តចំពោះជនជាតិឥណ្ឌា ចិន និងអារ៉ាប៊ីសាអូឌីត ដោយអាចឱ្យស្នាក់នៅបានយូររហូតចាប់ពី១៥ថ្ងៃ ទៅ ៣០ថ្ងៃ ហើយការពន្យារយៈពេលស្នាក់នៅនឹងអនុវត្តន៍ចាប់ពីខែតុលាខាងមុខតទៅ។ ខណៈវិធានការណ៍នេះ មានគោលដៅជម្រុញលើវិស័យទេសចរណ៍ឱ្យមានសន្ទុះងើបរើបឡើងមកវិញបន្ថែមបន្ទាប់ពីការធ្លាក់ចុះដោយសារជំងឺកូវីដ១៩។
យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់រាជាណាចក្រមួយនេះ បានលើកឡើងបន្ថែមថា មួយឆ្នាំមុន ភ្ញៀវទេសចរមកលេងថៃឡង់ដ៍ចំនួនធ្លាក់ចុះត្រឹមតែ ៤២៨,០០០ នាក់ បើធៀបនឹងចំនួនភ្ញៀវទេសចរធ្លាក់ចុះជិត ៤០ លាននាក់ កាលពីឆ្នាំ ២០១៩ អំឡុងផ្ទុះជំងឺកូវីដ បានរួមចំណែកខាតបង់ដល់ផលិតផលក្នុងស្រុក (GDP) ប្រមាណជា ១២ ភាគរយផងដែរ។ ហើយនៅឆ្នាំនេះ ថៃឡង់ដ៍រំពឹងថា នឹងទទួលបានភ្ញៀវទេសចរចន្លោះចាប់ពី ៨ ដល់ ១០លាននាក់ លើការព្យាករដែលធ្លាប់រំពឹងថាអាចនឹងមានចំនួនត្រឹមតែ ៧លាននាក់៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters