ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែនចុះសាកសួរសុខទុក្ខចំពោះយោធិនដែលរងរបួសនិងពិការកំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ

image

អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានអញ្ជើញចុះទៅសួរសុខទុក្ខដល់ក្រុមយោធិនទំាងឡាយដែលកំពុងតែគេងសម្រាកព្យាបាលរបួសនៅឯមន្ទីរពេទ្យមួយកន្លែងនៅក្នុងទីក្រុងឡាវី (Lviv)  ជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោកមកកាន់តំបន់មួយនេះ ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំត្រីភាគីមួយជាមួយនឹងអគ្គលេខាធិការអង្គការសហប្រជាជាតិ និងប្រធានាធិបតីប្រទេសទួកគីលើដំណើរការនាំចេញគ្រាប់ធញ្ញជាតិរួមនិងបញ្ហារោងចក្រថាមពលនុយក្លែរអ៊ែរក្នុងតំបន់ Zaporizhzhia ដែលកំពុងបង្កការព្រួយបារម្ភដល់បណ្ដាប្រទេសនៅក្នុងសហភាពអឺរ៉ុបទំាងមូល។

នៅក្នុងការចុះសំណេះសំណាលសួរសុខទុក្ខទៅកាន់ក្រុមយោធិននៅក្នុងមន្ទីរពេទ្យខាងលើនេះដែរ លោក Volodymyr Zelenskiy បានធើ្វការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាពដ៏អង់អាចក្លាហានរបស់ពួកគេនៅក្នុងការប្រយុទ្ធការពារមាតុភូមិប្រកបដោយភក្តីភាពចំពោះជាតិពីការរំលោភបំពានរបស់សត្រូវពីខាងក្រៅ។ 

បើតាមការបញ្ជាក់ពីប្រធានមន្ទីរពេទ្យខាងលើបានឱ្យដឹងថា មានពលទាហានសរុបប្រមាណជាង ៩ពាន់នាក់បានសម្រាកព្យាបាលមុខរបួសរបស់ខ្លួននៅក្នុងមន្ទីរពេទ្យមួយនេះ គិតចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងនោះមក៕

ប្រែសម្រួល៖ វ័រ តុលា

ប្រភព៖ Reuters Connect