ព័ត៌មានអន្តរជាតិ

ហេតុការណ៍អគ្គិភ័យ និងការផ្ទុះគ្រាប់បានកើតឡើងនៅទីតាំងយោធាក្នុងទឹកដីរបស់រុស្ស៊ី រួមនិងតំបន់ឧបទ្វីបគ្រីមៀរ

image


រុស្ស៊ី៖ មានហេតុការណ៍ឆាបឆេះឃ្លាំងស្តុកគ្រាប់នៅក្នុងទីក្រុង Belgorod ដែលជាទឹកដីរបស់រុស្ស៊ីជិតនឹងព្រំដែនអ៊ុយក្រែន រួមនិងការផ្ទុះដាច់ដោយឡែកមួយទៀតបានកើតឡើងនៅឯទីតាំងក្បែរបន្ទាយកងទ័ពអាកាសរុស្ស៊ីនៅក្នុងតំបន់ឧបទ្វីបគ្រីមៀរ ដែលអាជ្ញាធរុស្ស៊ីធើ្វការចោទប្រកាន់ទៅលើក្រុមកងចារកម្មសម្ងាត់របស់អ៊ុយក្រែន។
ពលរដ្ឋនៅក្នុងភូមិចំនួនពីរនៅក្នុងតំបន់ Belgorod របស់ប្រទេសរុស្ស៊ីត្រូវបានអាជ្ញាធរធើ្វការជម្លៀសចេញពីលំដៅដ្ឋានរបស់ខ្លួន បន្ទាប់ពីមានឧប្បត្តិហេតុអគ្គិភ័យឆាបឆេះនៅកន្លែងឃ្លាំងស្តុកសព្វាវុធមួយបានកើតឡើង។ អភិបាលតំបន់ Belgorod លោក Vyacheslav Gladkov បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ឃ្លាំងរំសេវដែលបានឆាបឆេះនោះគឺស្ថិតនៅក្នុងភូមិ Timonovo" ដែលមានចម្ងាយតែប្រមាណ ៥០ គីឡូម៉ែត្រពីព្រំដែនប្រទេសអ៊ុយក្រែន ដែលត្រូវបានគេសង្ស័យថាជាការលួចដុតបំផ្លាញដោយក្រុមកងកម្លាំងបង្កចលាចលរបស់អ៊ុយក្រែន។
ចំណែកនៅឯតំបន់ឧបសម្ព័ន្ធគ្រីមៀរដែលត្រូវបានរដ្ឋាភិបាលរុស្ស៊ីកាត់យកពីប្រទេសអ៊ុយក្រែនកាលពីឆ្នាំ ២០១៤ ក៏មានករណីលាន់ឮផ្ទុះខ្លាំងៗចំនួន ៤លើកបានកើតឡើង នៅក្បែរបរិវេណបន្ទាយកងទ័ពអាកាស Belbek របស់រុស្ស៊ីនៃភាគខាងជើងទីក្រុង Sevastopol។ ហេតុការណ៍នោះត្រូវបានអភិបាលក្រុង Sevastopol ដែលលើកបន្ទុកដោយរដ្ឋាភិបាលទីក្រុងមូស្គូ គឺលោក Mikhail Razvozhayev បានថ្លែងអះអាងថា “មិនមានបង្កការខូចខាតធ្ងន់ធ្ងរនោះទេ។
ចំណែកឯក្រសួងការពារជាតិរបស់អ៊ុយក្រែនវិញក៏បានធើ្វការបង្ហោះសារបែបឌឺដងនៅលើបណ្ដាញសង្គម Twitter របស់ខ្លួន បន្ទាប់ពីបានឃើញរូបភាពវីដេអូអំពីហេតុការណ៍អគ្គិភ័យដែលកើតឡើងនៅក្នុងភូមិ Timonovo រួចមក បានសរសេរសារយ៉ាងខ្លីៗថា "ការជក់បារីអាចបណ្ដាលឱ្យស្លាប់" ដែលនេះគឺជាសារនិយាយលេងសើច ទៅលើហេតុការណ៍ទាំងពីរដែលកើតឡើងគឺដោយសារតែការចោលកន្ទុយបារីដោយខ្វះការប្រុងប្រយ័ត្នរបស់ទាហានរុស្ស៊ីជាហេតុនាំឱ្យមានអគ្គិភ័យឆាបឆេះឡើង៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ The Guardian