ព័ត៌មានអន្តរជាតិ

រុស្សីបដិសេធទៅនឹងសំណើអង្គការសហប្រជាជាតិចង់ឱ្យដកទ័ពចេញពីបរិវេណរោងចក្រនុយក្លែរអ៊ែរក្នុងតំបន់ Zaporizhzhia

image

រុស្ស៊ី៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះក្រសួងការបរទេសរុស្ស៊ីបានបដិសេធច្រានចោលទៅនឹងសំណើរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ដែលចង់កំណត់យកបរិវេណជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរក្នុងតំបន់ Zaporizhzhia ទៅជាតំបន់ គ្មានកងទ័ព។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងមូស្គូ  អ្នកនាំពាក្យក្រសួងការបរទេសលោក Ivan Nechaev បានលើកឡើងថា ប្រទេសរុស្ស៊ីគឺមិនអាចទទួលយកសំណើរបស់ប្រមុខ អ.ស.ប ខាងលើនេះបាននោះទេ  ដោយបានអះអាងថា វត្តមានកងយោធារបស់ខ្លួននៅទីនោះគឺដើម្បីតែការធានារក្សាសន្ដិសុខតែប៉ុណ្ណាះ និងបានធើ្វការចោទប្រកាន់ទៅលើភាគីកងកម្លាំងរបស់អ៊ុយក្រែនដែលតែងតែធើ្វការបាញ់ផ្លោងដោយខ្វះការពិចារណាចូលមកក្បែរបរិវេណរោងចក្រមួយនេះ។

គួររំលឹកផងដែរថា រោងចក្រថាមពលនុយក្លេអ៊ែរក្នុងតំបន់ Zaporizhzhia ត្រូវបានទាហានរុស្ស៊ីដណ្ដើមកាន់កាប់ពីអ៊ុយក្រែនកាលពីក្នុងខែមីនា កន្លងទៅ ពោលគឺប្រហែលជាមួយខែបន្ទាប់ពីរដ្ឋាភិបាលទីក្រុងមូស្គូបានបញ្ជូនទាហានរបស់ខ្លួនរាប់ម៉ឺននាក់ឱ្យចូលមកឈ្លានពានក្នុងប្រទេសអ៊ុយក្រែន។  ហើយដោយសារតែទីតាំងរោងចក្រនុយក្លេអ៊ែរខាងលើនេះ គឺស្ថិតនៅជិតតំបន់សមរភូមិប្រយុទ្ធរវាងទាហានរុស្ស៊ីនិងអ៊ុយក្រែន បានបង្កឱ្យមានការព្រួយបារម្ភលើឧប្បត្តិហេតុការលិចធ្លាយសារធាតុវិទ្យុសកម្មកើតឡើងនៅថ្ងៃខាងមុខ៕

ប្រែសម្រួល៖ វ័រ តុលា

ប្រភព៖ Reuters Connect