សង្គម

សម្តេចក្រឡាហោម ស ខេង អំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ កុំឲ្យចាញ់បោករឿងរត់ការចូលធ្វើប៉ូលីស

image


ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ កុំឲ្យចាញ់បោកគេតទៅទៀត រឿងរត់ការដើម្បីចូលធ្វើប៉ូលីស។ ក្នុងករណីនេះ សម្ដេចបានស្នើទៅសម្ដេចតេជោ ហ៊ុន សែន ដកអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃម្នាក់ ក្រោយដើរសន្យាលក់ក្របខណ្ឌនគរបាលជាតិ ខណៈក្រសួងកំពុងធ្វើកំណែទម្រង់កងកម្លាំងនគរបាល ប៉ុន្តែសម្តេចមិនបានបញ្ចេញឈ្មោះបុគ្គលរូបនេះទេ។

សម្តេចក្រឡាហោម ស ខេង បានអំពាវនាវដូចនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៨ ខែសីហា ២០២២។

សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ការប្រឡងជ្រើសរើសក្របខណ្ឌនគរបាល បើគ្មានតម្លាភាព គឺគ្មានន័យ ហើយបញ្ហាទាំងនេះសម្ដេចក៏បានយកចិត្តទុកដាក់បំផុតដើម្បីពង្រឹងគុណភាព នៃការប្រឡងជ្រើសរើសក្របខណ្ឌនគរបាល។ មានអ្នកចង់ធ្វើប៉ូលីសច្រើនណាស់ រួចនាំគ្នារត់ការដើម្បីចូលធ្វើប៉ូលីស ហើយផ្ដល់ថវិកាឲ្យគេជាមុន ១ម៉ឺនដុល្លារ ឬ ៣ម៉ឺនដុល្លារ រួចហើយសន្យាថា ឆ្នាំក្រោយនឹងបានចូលធ្វើប៉ូលីស។ សម្តេចអះអាងថា សូម្បីតែសម្តេចក្នុងនាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏គ្មានសិទ្ធិចុះហត្ថលេខាផ្ដល់ក្របខណ្ឌដោយគ្មានការប្រឡងនោះទេ។ សម្ដេចគ្រាន់តែមានសិទ្ធិអនុញ្ញាតឲ្យចូលប្រឡង ប៉ុន្ដែត្រង់ថាប្រឡងជាប់ ឬមិនជាប់ អាស្រ័យលើខ្លួនឯង សម្ដេចគ្មានសិទ្ធិជួយឡើយ។ សម្តេចបានសម្តែងការហួសចិត្តចំពោះអ្នកជឿទុកចិត្តគេយកលុយទៅឱ្យគេ ដើម្បីបានចូលធ្វើប៉ូលីស៕

អត្ថបទ៖ ម៉ៅ នរិទ្ធិយ៉ា