ព័ត៌មានជាតិ

កំណើនសំណង់ខុសច្បាប់ក្នុងឧទ្យានអង្គរ កម្ពុជាទទួលបានលិខិតព្រមាន ២ដងពីមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក ខណៈ៣ខែចុងក្រោយ មានសំណង់ខុសច្បាប់ជិត៤០០

image


សៀមរាប៖ សំណង់ខុសច្បាប់ប្រមាណជិត៤០០សំណង់ ត្រូវបានគេលួចសាងសង់ នៅក្នុងរមណីយដ្ឋានអង្គរ ក្នុងរយៈពេលបីខែចុងក្រោយនេះ ពោលចាប់តាំងពីមានការស្នើសុំពន្យារពេលរុះរើពីសំណាក់អាជ្ញាធរខេត្តសៀមរាប។

លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ក្នុងពិធីបើកយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ បានលើកឡើងថា ដោយសារស្ថានភាពសន្តិភាពពេញលេញ សន្ទុះនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច/សង្គម និងកំណើនប្រជាជន និន្នាការ និងសកម្មភាពសាងសង់សំណង់ខុសច្បាប់នៅក្នុងតំបន់ការពារ បានចាប់ផ្តើមកាន់តែខ្លាំងចាប់ពីឆ្នាំ២០០១ មកម៉្លេះ ហើយចាប់ពីឆ្នាំ២០១៧មក ដោយសារកំណើននៃសំណង់ខុសច្បាប់ យើងធ្លាប់ទទួលបានលិខិតព្រមាន និងស្នើសុំការបកស្រាយ២ដងរួចមកហើយ ពីមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក។

លោក ហង់ ពៅ បន្តថា ទោះបីជាមានទិន្នន័យជាគោល ព្រមទាំងយន្តការអមផ្សេងៗសម្រាប់អនុវត្តក៏ដោយ បច្ចុប្បន្ននេះ ក៏មានសំណង់ខុសច្បាប់ នៅតែមានការកើនឡើងហួសពីការស្មាន បើធៀបនឹងឆ្នាំ២០០៤។ កត្តាចម្បងៗនៃការកើនឡើងនេះ គឺភាគច្រើនដោយសារកំណើនប្រជាជន ការរីកចម្រើនខ្លាំងនៃសកម្មភាពសេដ្ឋកិច្ច ទេសចរណ៍របស់ក្រុងសៀមរាប ចំណាកស្រុក និងការរីករាលដាលនៃក្រុងសៀមរាបចូលក្នុងតំបន់ការពារ រួមទាំងកង្វះខាតនៃការគ្រប់គ្រងផងដែរ។ លោកបន្តថា ចាប់ពីឆ្នាំ២០០៤មក ដោយពុំមានទិន្នន័យច្បាស់លាស់ពីចំនួនសំណង់ខុសច្បាប់ ការដាក់ចេញនូវផែនការសកម្មភាពគ្រប់គ្រងតំបន់ការពារ នៅពុំទាន់មានប្រសិទ្ធភាព។ ដោយឡែក សម្រាប់សំណង់ខុសច្បាប់ដែលទើបកើតមាននារយៈពេល៣ខែចុងក្រោយនេះ ចំនួន៣៩៨ ព្រមទាំងករណីបន្ថែមដែលទើបសាងសង់២សប្តាហ៍ថ្មីៗនេះចំនួន៧៨ករណី ក្រុមការងារអាជ្ញាធរជាតិអប្សរា បានសម្រេចរើចេញបាន២០២ សំណង់ នៅសល់២៧៤សំណង់ ដោយសារភាពមិនសហការរបស់ម្ចាស់សំណង់ និងការបន្តស្នើសុំពន្យារពេលរុះរើពីសំណាក់អាជ្ញាធរដែនដី។

កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ រដ្ឋបាលខេត្តសៀមរាប បានចេញលិខិតមួយដោយស្នើសុំឲ្យអាជ្ញាធរជាតិអប្សរា ផ្អាកជាបណ្តោះអាសន្ននូវការរុះរើសំណង់ និងការ្យផ្សេងៗរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់១ និងតំបន់២ នៃតំបន់រមណីយដ្ឋានអង្គរ។

លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិស បានហៅការចេញលិខិតនេះថា ជាការខុសឆ្គង ហើយអភិបាលខេត្តសៀមរាប ត្រូវទទួលខុសត្រូវចំពោះរឿងនេះ និងហៅសំណង់ខុសច្បាប់ទាំងនោះ ថាជាសំណង់ដ៏គួរឲ្យខ្មាសអៀន។

លោក ជា សុផារ៉ា បានមានប្រសាសន៍ថា នៅក្នុងរមណីយដ្ឋានអង្គរ មានសំណង់ខុសច្បាប់ប្រមាណជាង៨ពាន់សំណង់ដែលជាសំណង់ដ៏គួរឲ្យខ្មាសអៀន។ លោកបន្តថា ចាប់តាំងពីរដ្ឋបាលខេត្តសៀមរាប ចេញលិខិតចុះថ្ងៃទី២៧ មិថុនា ឆ្នាំ២០២២ សំណង់មានសំណង់ខុសច្បាប់ចំនួន៣៩៨សំណង់ត្រូវបានសាងសង់ ដូច្នេះអភិបាលខេត្តសៀមរាប ត្រូវទទួលខុសត្រូវ ដោយត្រូវមោឃៈភាពលិខិតនោះជាបន្ទាន់។
លោកថា បើទុកដូចជាការលើកទឹកចិត្តដល់ការរីករាលដាលនៃសំណង់ខុសច្បាប់មិនអាចគ្រប់គ្រងបាន៕

អត្ថបទ៖ ជា ស្រស់