ព័ត៌មានជាតិ

ក្រុមហ៊ុនរបស់អង់គ្លេស ចង់សហការជាមួយកម្ពុជា ក្នុងការសាងសង់ប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដូចករណីប្រព័ន្ធរថភ្លើង MRT នៅប្រទេសសិង្ហបុរី

image


ភ្នំពេញ៖ ក្រុមហ៊ុនរបស់អង់គ្លេស Arup បានបង្ហាញនូវវិស័យសក្កានុពលដែលខ្លួនចង់សហការជាមួយកម្ពុជា ក្នុងការសាងសង់ប្រព័ន្ធដឹកជញ្ជូនសាធារណៈ (ដូចករណីប្រព័ន្ធរថភ្លើង MRT នៅប្រទេសសិង្ហបុរី) និង បានបង្ហាញនូវទម្រង់ម៉ូដែលកិច្ចសហការរវាងរដ្ឋ និងឯកជន (Public-Private Partnership) ពាក់ព័ន្ធ ទៅនឹងលទ្ធកម្មផងដែរ។

គោលបំណងនេះ បានបង្ហាញឱ្យដឹងក្នុងជំនួបរវាងរវាងលោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកទេស រដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយតំណាងក្រុមហ៊ុន Ave Arup Limited ប្រចាំប្រទេសកម្ពុជា វៀតណាម ថៃ និងអង់គ្លេស ដឹកនាំដោយ លោក Stewart Clayton នាយកប្រចាំកម្ពុជានៃនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ ស្ថានទូតអង់គ្លេស ប្រចាំកម្ពុជា។

បើតាមក្រសួងសាធារណការ បានបញ្ជាក់ថា គោលបំណងនៃជំនួបនេះ គឺដើម្បីស្វែងយល់បន្ថែមអំពីការរីកចម្រើន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅកម្ពុជា និងក៏ដូចជាដើម្បីបញ្ជាក់ពីស្ថានភាពបច្ចុប្បន្ននៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងអ្វីដែលជាផែនការសម្រាប់ពេលអនាគត។

លោក Stewart Clayton បានណែនាំឱ្យតំណាងក្រុមហ៊ុនARUP ធ្វើបទបង្ហាញ ដែលបានផ្តោតជាសំខាន់លើសភាពការណ៍វិវត្តន៍ថ្មីៗនៅក្នុងពិភពលោកទាក់ទងនឹងដំណោះស្រាយសម្រាប់វិស័យដឹកជញ្ជូន ដំណោះស្រាយបញ្ហាចំពោះបម្រែបម្រួលអាកាសធាតុ និងផែនការមេទីក្រុងដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងការសម្របសម្រួលខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុផងដែរ។

ជាមួយគ្នានោះដែរ លោក Stewart Clayton បានជម្រាបជូនផងដែរអំពីគម្រោងរៀបចំសិក្ខាសាលាមួយនៅកម្ពុជា ដើម្បីស្វែងយល់អំពីបញ្ហាប្រឈម និងដំណោះស្រាយលើវិស័យដឹកជញ្ជូនរបស់កម្ពុជា ក្នុងគោលដៅសម្រេចបាននូវការកាត់បន្ថយកាបូនឱ្យនៅកម្រិតសូន្យ។

ជាការឆ្លើយតប លោករដ្ឋលេខាធិការប្រចាំការ បានជម្រាបជូនអំពីការរៀបចំគោលនយោបាយដឹកជញ្ជូនផ្លូវគោក ដើម្បីជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី (EV) ក្នុងការចូលរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នកាបូន កិច្ចសហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងអង្គការ UNDP (កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ) ដើម្បីដំឡើងស្ថានីយសាកថ្ម Evs នៅទីស្តីការក្រសួង និងបណ្តារាជធានី-ខេត្តមួយចំនួន ការសិក្សាប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) ការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Monorail ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ គម្រោងស្តីពីការដឹកជញ្ជូនបៃតងនៅខេត្តសៀមរាប ក្រោមកិច្ចសហការរៀបចំជាមួយធនាគារពិភពលោក និងសារសំខាន់នៃផែនការមេសម្រាប់ការអភិវឌ្ឍន៍ទីក្រុង ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ផងដែរ៕