ព័ត៌មានអន្តរជាតិ

មនុស្ស ៣៦នាក់ស្លាប់ក្នុងអំពើហិង្សាប្រឆាំងនឹងវត្តមានកងរក្សាសន្តិសុខរបស់ អ.ស.ប នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ

image

កុងហ្គោ៖ យ៉ាងហោចណាស់ក៏មានកងកម្លាំងរក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិចំនួន ៤រូបបានស្លាប់ រួមនិងអគារធើ្វការរបស់ស្ថាប័នមួយនេះជាច្រើនកន្លែងទៀតក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោត្រូវរងការបំផ្លិចបំផ្លាញ ដោយសារតែអំពើហិង្សាដែលកើតចេញពីការប្រឆាំងតវ៉ារបស់ពលរដ្ឋលើអសមត្ថភាពរបស់អង្គការមួយនេះក្នុងការការពារពួកគេពីបញ្ហាជម្លោះប្រដាប់អាវុធនៅក្នុងតំបន់ទំាងមូល។

យោងតាមការធ្វើប្រជាមតិមួយធ្លាប់បានបង្ហាញថា មានពលរដ្ឋកុងហ្គោប្រមាណ ៤៤% គឺចង់ឲ្យកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាតិដែលកាត់ថា (Monesco) ចាកចេញពីប្រទេសរបស់ខ្លួន ដោយបានធ្វើការចោទប្រកាន់កងកម្លាំងទាំងនោះថាបានប្រើប្រាស់អំពើហិង្សាបាញ់ប្រហារមកលើក្រុមអ្នកតវ៉ាក្នុងពេលកន្លងមក ស្របពេលដែលប្រធានព្រឹទ្ធសភារបស់ប្រទេសកុងហ្គោគឺលោក Modeste Bahati ក៏បានទាមទារឱ្យអង្គការមួយនេះត្រូវរៀបបង្វិចរបស់ខ្លូនត្រឡប់ទៅស្រុកកំណើតវិញផងដែរ។ 

គួរបញ្ជាក់ដែរថា បេសកកម្មរក្សាសន្តិភាពរបស់ អ.ស.ប នៅក្នុងសាធារណរដ្ឋប្រជាធិតេយ្យកុងហ្គោគឺបានធើ្វឡើងចាប់តាំងពីឆ្នាំ ១៩៩៩ មកម្លេះ។ ខណៈការអាក់អន់ចិត្តរបស់ពលរដ្ឋកុងហ្គោចំពោះវត្តមានកងកម្លាំងរក្សាសន្តិសុខកាន់តែកើនឡើងខ្លាំងនោះ  ក្តីសង្ឃឹមក្នុងការផ្សះផ្សារទំនាក់ទំនងគ្នាឡើងវិញហាក់ដូចជានៅសេសសល់តិចតួចសម្រាប់ការមកដល់នៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីក្រសួងការបរទេសអាម៉េរិកក្នុងខែខាងមុខនេះ។ 

ប្រែសម្រួល៖ វ័រ តុលា

ប្រភព៖ Guardian