ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែលវាយប្រហារតាមផ្លូវអាកាសមកលើតំបន់ហ្គាហ្សារបស់ប៉ាឡេស្ទីន ស្លាប់៨នាក់ និងរងរបួស៤៤នាក់ផ្សងទៀត

image

ដែនដីប៉ាឡេស្ទីន៖ ប្រទេសអ៊ីស្រាអែលបានបើកការវាយប្រហារដោយយន្តហោះចម្បាំងមកលើតំបន់ហ្គាហ្សា បានបណ្តាលឱ្យមនុស្សចំនួន ៨នាក់បានស្លាប់ ដែលក្នុងនោះរួមមានទាំងមេបញ្ជាការរបស់ក្រុមប្រដាប់អាវុធអ៊ីស្លាម Jihad  ហើយនិងក្មេងស្រីមួយរូបផងដែរ។

លោក Taysir al-Jabari ជាបញ្ជាការកងពលតូចរបស់ក្រុម Al-Quds ដែលជាក្រុមប្រដាប់អាវុធអ៊ីស្លាម Jihad ក្នុងទឹកដីរបស់ប៉ាឡេស្ទីន គឺបានស្លាប់ភ្លាមៗនៅក្នុងបន្ទប់ស្នាក់នៅរបស់លោក នៅពេលដែលយន្តហោះចម្បាំងរបស់យោធាអ៊ីស្រាអែលបានវាយប្រហារលើអគារអាផាតមិនមួយកន្លែងនៅកណ្តាលទីក្រុងហ្គាហ្សា។ នេះបើតាមការអះអាងរបស់សមាជិកក្រុមប្រដាប់អាវុធ Al-Quds។

យោងតាមប្រភពពីរដ្ឋមន្ត្រីសុខាភិបាលរបស់ប៉ាឡេស្ទីនបានឱ្យដឹងថា អ្នកដែលបានស្លាប់ទាំង ៨រូបនៅក្នុងហេតុការណ៍វាយប្រហាររបស់កងទ័ពអាកាសអ៊ីស្រាអែលខាងលើនេះ ក៏មានទាំងក្មេងស្រីអាយុ ៥ឆ្នាំមួយរូបផងដែរ រីឯមនុស្ស ៤៤នាក់ទៀតបានរបួសនិងកំពុងស្នាក់នៅព្យាបាលនៅឯមន្ទីរពេទ្យ។

ដោយឡែកខាងមន្រ្តីយោធារបស់អ៊ីស្រាអែលវិញបាននិយាយថា ការវាយប្រហារខាងលើនេះ គឺដើម្បីឆ្លើយតបដោយផ្ទាល់ទៅនឹងការគំរាមកំហែងរបស់ក្រុមប្រដាប់អាវុធអ៊ីស្លាម Jihad របស់ប៉ាឡេស្ទីន៕

ប្រែសម្រួល៖ វ័រ តុលា

ប្រភព៖ Aljazeera