ព័ត៌មានជាតិ

(Update)ជនជាតិនីហ្សេរីយ៉ាដែលសម្រាកព្យាបាលជំងឺអុតស្វា​ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ

image

អត្ថបទ៖ គង់ វណ្ណៈ

ភ្នំពេញ៖ ជនជាតិនីហ្សេរីយ៉ាដែលសម្រាកព្យាបាលជំងឺអុតស្វានៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀតនាពេលកន្លងមក ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យរួចហើយនៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ដោយមានលទ្ធផលតេស្ត អវិជ្ជមានវីរុសអុតស្វា បញ្ជាក់ពីមន្ទីរពិសោធន៍ប៉ាស្ទ័រកម្ពុជានាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២។ នេះយោងតាមការបញ្ជាក់របស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ប្រាប់អ្នកសារព័ត៌មាន។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ថ្លែងថាបច្ចុប្បន្ន បុគ្គលរូបនេះ ត្រូវបានប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ចរួចហើយដែរ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ទៅតាមការចាត់ចែងរបស់សមត្ថកិច្ច។ សូមបងប្អូនសាធារណជន មេត្តាជ្រាបជាព័ត៌មាន និងសូមចូលរួមបន្តអនុវត្តវិធានការការពារខ្លួនពីការចម្លងជំងឺអុតស្វាតាមការណែនាំក្រើនរំឭកបន្ថែមទៀតរបស់ក្រសួងសុខាភិបាល ដែលបានចេញផ្សាយពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ កន្លងមកនេះ។ 

ទន្ទឹមនឹងនេះលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានណែនាំឲ្យឱ្យបន្តអនុវត្តវិធានការ “៣ការពារ និង ៣កុំ និងចាក់វ៉ាក់សាំងកូវីដ-១៩” ជាពិសេសដូសជំរុញ (ទី៣, ទី៤, និងទី៥) ពេលដល់វេនលោកអ្នកឱ្យបានគ្រប់ៗគ្នា ដើម្បីសុខភាពផ្ទាល់ខ្លួនលោកអ្នក និងអ្នកជាទីស្រឡាញ់របស់លោកអ្នក៕