ព័ត៌មានជាតិ

សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មថៃ នឹងជំរុញការផ្គូផ្គងធុរកិច្ចរវាងប្រទេសទាំងពីរ ដើម្បីធានាលំហូរនៃអាជីវកម្ម និងការវិនិយោគ 

image

ភ្នំពេញ៖​ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា​ លោកឧកញ៉ា លឹម ហេង បានឱ្យដឹងថា សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មថៃ បាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីជំរុញការផ្គូផ្គងធុរកិច្ចរវាងប្រទេសទាំងពីរ ដើម្បីធានាលំហូរនៃអាជីវកម្ម និងការវិនិយោគជាដើម។ តួយ៉ាងដូចជាការរៀបចំកិច្ចប្រជុំពិភាក្សាការងារនេះ រួមទាំងការផ្គូផ្គងអាជីវកម្មរវាងប្រទេសទាំងពីរផងដែរ ដែលនឹងនាំមកនូវផលប្រយោជន៍ ទៅវិញទៅមកសម្រាប់ភាគីទាំងពីរ។

លោកឧកញ៉ា លឹម ហេង បានឱ្យដឹងដូចនេះ​ ក្នុងជំនួបពិភាក្សាការងាររវាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មថៃ និងគណៈកម្មការធុរកិច្ចថៃ ដែលមានការចូលរួមពី លោក Sanan Angubolkul ប្រធានសភាពាណិជ្ជកម្មថៃ​ នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។ 

ឧកញ៉ា លឹម ហេង បានលេីកឡេីងថា ក្នុងនាមអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងឱ្យវិស័យឯកជន មានសេចក្តីសោមនស្សរីករាយ និងកិត្តិយស ដែលបានចូលរួមកិច្ចប្រជុំសម្តែងការគួរសមនេះ ជាមួយគណៈប្រតិភូធុរកិច្ចនៃសភាពាណិជ្ជកម្មថៃ និងក្រុមប្រឹក្សាធុរកិច្ចកម្មថៃ ក្រោមវត្តមាន​ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។ លោកឧកញ៉ា បានលើកទឹកចិត្តដល់ពាណិជ្ជករ និងវិនិយោគិនទាំងអស់ឱ្យចូលរួមយ៉ាងសកម្ម និងស្វែងរកដៃគូវិនិយោគរបស់ខ្លួនបន្ថែមទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមក និងទទួលបានលទ្ធផលជាផ្លែផ្កា នាពេលអនាគត។

ជាមួគ្នានេះ​ លោក​ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលេីកឡេីងថា ទាក់ទងនឹងការជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា-ថៃ លោកលើកទឹកចិត្តអ្នកវិនិយោគថៃនៅកម្ពុជា ឱ្យចូលរួមយ៉ាងសកម្មបន្ថែមទៀត ក្នុងសកម្មភាពជំរុញពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីប្រើប្រាស់សក្តានុពលធុរកិច្ចរបស់កម្ពុជាឱ្យបានពេញលេញ។

ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរបានកើនឡើងពី ៣.៤៩ពាន់លានដុល្លារ​ ក្នុងឆ្នាំ២០២០ ដល់ ៣.៨៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១ (កើនឡើង ១០.៤%)។

លោករដ្ឋមន្ត្រីក៏បានស្នើដល់លោកប្រធានគណៈប្រតិភូសភាពាណិជ្ជកម្មថៃ ឱ្យជួយជំរុញសកម្មភាពពាណិជ្ជកម្មសំខាន់ៗមួយចំនួន រួមមាន​ រៀបចំបេសកកម្មពាណិជ្ជកម្ម កម្ពុជា-ថៃ,​ ចូលរួមក្នុងការតាំងពិពណ៌កម្ពុជា ដែលរៀបចំឡើងជារៀងរាល់ឆ្នាំ​ នៅរាជធានីភ្នំពេញ និងរៀបចំដោយ ក្រសួងពាណិជ្ជកម្មកម្ពុជា និងចូលរួមវេទិកាធុរកិច្ចដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម​ និងវិនិយោគនៃប្រទេស កម្ពុជា-ថៃ៕

អត្ថបទ៖ ចេង ឆហួត