ហេតុការណ៍បាក់ស្រុតដី ក្លាយទៅជារណ្តៅដ៏ធំចម្លែកក្នុងប្រទេសឈីលី បង្កឱ្យមានការភ្ញាក់ផ្អើល

ឈីលី៖ រណ្តៅដីយ៉ាងធំនិងចម្លែកមួយបានបង្ហាញខ្លួននៅក្នុងតំបន់វាលខ្សាច់ Atacama ជិតទៅនឹងកន្លែងរុករករ៉ែរបស់ប្រទេសឈីលីកាលពីប៉ុន្មានថ្ងៃមុននេះ និងធើ្វឱ្យពលរដ្ឋនៅក្នុងតំបន់នោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ចំណែកខាងអាជ្ញាធររបស់ប្រទេសឈីលីគឺបានបញ្ជូនក្រុមអ្នកជំនាញដើម្បីធើ្វការត្រួតពិនិត្យរណ្តៅដីខាងលើដែលមានទំហំមុខកាត់ជាង ២៥ម៉ែត្រ និងជម្រៅជាង ២០០ម៉ែត្រឯណោះ។
រូបភាពវីដេអូពីលើអាកាស ហើយត្រូវបានចុះផ្សព្វផ្សាយតាមរយៈបណ្តាញទូរទស្សន៍ក្នុងស្រុក គេបង្ហាញឱ្យឃើញរណ្តៅក្រហូងដ៏ធំមហិមាកាត់តាមផ្លូវលំជិតទៅនឹង ក្រុមហ៊ុនរុករករ៉ែ Lundin Mining របស់កាណាដានៅក្នុងភាគខាងជើងប្រទេស។
បើតាមភ្នាក់ងាររុករករ៉ែនិងភូមិសាស្រ្តជាតិរបស់ប្រទេសឈីលីបានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា ក្រុមការងារអ្នកជំនាញរបស់ខ្លួនមិនបានរកឃើញមានអ្វីចម្លែកនៅក្នុងរណ្តៅដីនេះទេ ដោយនៅផ្ទៃបាតរបស់វាគឺពោរពេញទៅដោយទឹក ហើយថែមទំាងបានបញ្ជាក់ទៀតថា ករណីបាក់ស្រុតរណ្តៅដីដ៏ធំនេះនឹងមិនបង្កផលប៉ះពាល់ទៅដល់សណ្ឋានដីដែលនៅក្បែរកន្លែងរុករករ៉ែខាងលើនោះទេ។ អាជ្ញាធរឈីលីក៏បានធើ្វការបិទផ្លូវចេញចូលទៅជិតបរិវេណរណ្តៅដីដ៏ធំមួយនេះដើម្បីបង្កាសុវត្ថិភាពជូនដល់ពលរដ្ឋ៕
ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters
