ចិនប្រកាសដាក់ទណ្ឌកម្មលោកស្រីប្រធានសភាអាម៉េរិក និងផ្អាកកិច្ចសន្ទនាកំរិតយោធាជាន់ខ្ពស់ រួមទំាងកិច្ចសហប្រតិបត្តិការដទៃទៀតជាមួយនឹងរដ្ឋការក្រុងវ៉ាស៊ីនតោន

ចិន៖ ប្រទេសចិនបានប្រកាសនៅរសៀលថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នំា២០២២នេះថា ខ្លួនផ្អាកកិច្ចសហប្រតិបត្តិការជាមួយនឹងសហរដ្ឋអាម៉េរិកទៅលើវិស័យមួយចំនួន ក្នុងនោះរាប់បញ្ចូលទំាងកិច្ចសន្ទនាកំរិតមេបញ្ជាការយោធាជាន់ខ្ពស់ជាដើម ដែលជាការសងសឹកទៅលើដំណើរទស្សនកិច្ចរបស់លោកស្រីប្រធានសភាអាម៉េរិក ណាន់ ស៊ីប៉េឡូស៊ីកាលពីដើមសប្តាហ៍នេះ។
ក្រសួងការបរទេសចិនក៏បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនដែរថា ខ្លួនកំពុងតែផ្អាកនៃកិច្ចពិភាក្សាស្តីពីអាកាសធាតុជាមួយនឹងសហរដ្ឋអាម៉េរិក រួមទំាងកិច្ចសហប្រតិបត្តិការដទៃទៀតដោយរាប់បញ្ចូលទំាងការធ្វើមាតុភូមិនិវត្តន៍ជនចំណាកស្រុក ជំនួយប្រព័ន្ធយុត្តិធម៌ និងឧក្រិដ្ឋកម្មឆ្លងដែន ព្រមទំាងចំណាត់ការប្រយុទ្ធប្រឆំាងនឹងគ្រឿងញៀនផងដែរ។
នៅរសៀលថ្ងៃសុក្រនេះដែរ ប្រទេសចិនក៏បានសម្រេចចិត្តដាក់ទណ្ឌកម្មទៅលើប្រធានសភាអាម៉េរិកលោកស្រី ណាន់ស៊ីប៉េឡូស៊ី រួមទំាងក្រុមគ្រួសាររបស់លោកស្រីផង ដើម្បីឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់លោកស្រីមកកាន់កោះតៃវ៉ាន់ ដែលចិនមើលឃើញថាជាសកម្មភាពបង្កហេតុ និងជាក់ស្តែង។
ចំណាត់ការជាបន្តបន្ទាប់របស់ប្រទេសចិន ត្រូវបានគេមើលឃើញជាហូរហែរថា ជាការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់លោកស្រីណាន់ស៊ីប៉េឡូស៊ីក្នុងការមកបំពេញទស្សនកិច្ចនៅឯកោះតៃវ៉ាន់ ដែលគេចាត់ទុកថាជាលើកទី២ហើយដែលឧត្តមមន្ត្រីជាន់ខ្ពស់របស់រដ្ឋការក្រុងវ៉ាស៊ីនតោនមកកាន់កោះតៃវ៉ាន់ក្នុងរយៈពេល២៥ឆ្នំាចុងក្រោយ បើទោះបីជាមានភាពប្រទើងប្រទាស់និងការព្រមានពីសំណាក់រដ្ឋការក្រុងប៉េកំាងយ៉ាងណាក៏ដោយ៕
ប្រែសម្រួល៖ ប្រាក់ សម្ជស្ស
ប្រភព៖ Reuters
