ព័ត៌មានអន្តរជាតិ

តើភាពតានតឹងរវាងកោះតៃវ៉ាន់ និងចិនអាចបង្កឱ្យមានប៉ះពាល់ដល់វិស័យឧស្សាហកម្មផលិតបន្ទះឈីបរបស់កោះតៃវ៉ាន់នៅលើទីផ្សារបច្ចេកវិទ្យាក្នុងពិភពលោកដែរឬយ៉ាងណា?

image


តៃវ៉ាន់៖ ស្របពេលដែលពិភពលោកកំពុងខ្វាយខ្វល់យ៉ាងខ្លាំងទៅនឹងសភាពតានតឹងនៅកោះតៃវ៉ាន់ជុំវិញដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាសរបស់លោកស្រី Nancy Pelosi ដែលបារម្ភថានឹងអាចដុតបញ្ឆេះទៅជាជម្លោះប្រដាប់អាវុធថ្មីមួយនេះនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងអំពីទំហំនៃផលប៉ះពាល់ដែលវានឹងអាចកើតមានទៅលើដំណើរការសេដ្ឋកិច្ចក្នុងពិភពលោក។


ខណៈដែលវិបត្ដិសង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៊ីបានបង្កើតទៅជាវិបត្ដិកង្វះថាមពលធ្ងន់ធ្ងរទៅកាន់តំបន់អឺរ៉ុប ងាកមកផ្តោតអំពីផលប៉ះពាល់ក្នុងករណីដែលពិតជាមានការប្រឈមមុខដាក់គ្នាដោយកម្លាំងយោធារវាងប្រទេសចិននិងកោះតៃវ៉ាន់នោះ វាចៀសមិនផុតនោះទេទៅលើការផ្គត់ផ្គង់បន្ទះឈីបដ៏បំផុតនៅក្នុងពិភពលោក។ ជាការពិតណាស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរាប់ចាប់តំាងពី គ្រឿងឧបករណ៍អេឡិចត្រូនិចប្រើប្រាស់ប្រចាំថ្ងៃ ទូរស័ព្ទដៃ កុំព្យូទ័រ គ្រឿងយានជំនះ រួមនិងគ្រឿងបច្ចេកវិទ្យាសម្រាប់បំរើការក្នុងកិច្ចការវិទ្យាសាស្រ្តផ្សេងៗ គឺសុទ្ធតែពឹងផ្អែកទៅលើការបំពាក់បន្ទះឈីបនៅខាងក្នុងដើម្បីអាចឱ្យឧបករណ៍ទាំងនោះដំណើរការមុខងារបស់ខ្លួនបាន។ ក្នុងនោះក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំរបស់តៃវ៉ាន់ TSMC គឺជាអ្នកផ្គត់ផ្គង់គ្រឿងបច្ចេកវិទ្យាដ៏មានសារៈប្រយោជន៍បំផុតនៅក្នុងចរន្តទីផ្សារនៅទូទំាងពិភពលោក។


ដោយឡែកនៅក្នុងដំណើរការទស្សនកិច្ចរបស់ប្រធានសភាអាម៉េរិកលោកស្រី Pelosi មកកាន់កោះតៃវ៉ាន់កាលពីពេលថ្មីៗ ក៏បានជួបជាមួយនឹងលោក Mark Liu ជាអគ្គនាយកក្រុមហ៊ុនផលិតបន្ទះឈីប TSMC នេះផងដែរ ដោយលោកស្រីបានថ្លែងសរសើរអំពីការខិតខំរបស់ក្រុមហ៊ុនក្នុងការផលិតបន្ទះឈីបសម្រាប់បំរើដល់ចរន្តដំណើរការសេដ្ឋកិច្ចនៅក្នុងពិភពលោក។ រីឯលោក Mark Liu ដែលជាប្រធានក្រុមហ៊ុនវិញ គឺបានបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំងលើស្ថានការណ៍បញ្ហាបច្ចុប្បន្ន ហើយនិងបានព្រមានអំពីផលប៉ះពាល់ធ្ងន់ធ្ងរទៅលើខ្សែចង្វាក់ផ្គត់ផ្គង់បន្ទះឈីបនៅលើទីផ្សារពិភពលោកប្រសិនបើមានភាពចលាចលណាមួយកើតឡើងនៅថ្ងៃខាងមុខ៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ DW