សេដ្ឋកិច្ច

ទំហំផ្លាស់ប្ដូរពាណិជ្ជកម្មរវាងកោះតៃវ៉ាន់និងចិនមានច្រើនលើសលុបជាងនំាទៅកាន់សហរដ្ឋអាម៉េរិក

image


ចិន៖ បើយោងតួលេខមួយបានបង្ហាញថា ទំហំការផ្លាស់ប្តូរជំនួញរវាងកោះតៃវ៉ាន់និងប្រទេសចិន គឺមានបរិមាណច្រើនជាងទំហំពាណិជ្ជកម្មរវាងកោះតៃវ៉ាន់និងសហរដ្ឋអាមេរិកទៅទៀត បើទោះជាចិនមិនមែនជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចដូចតៃវ៉ាន់ជាមួយនឹងអាម៉េរិកក្តី។


ក្នុងរយៈពេលចុងក្រោយមកភាពតានតឹងរវាងកោះតៃវ៉ាន់និងរដ្ឋាភិបាលក្រុងប៉េកាំង បានកើនឡើងយ៉ាងខ្លាំង ជុំវិញការទទួលស្វាគមន៍ដល់ដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាសរបស់ប្រធានសភាអាម៉េរិកមកកាន់ទីក្រុងតៃប៉ិកាលពីថ្ងៃអង្គារកន្លងទៅ ដោយផ្ទុយទៅនឹងការព្រមានរបស់ប្រទេសចិន និងបង្កឱ្យមានការដាក់សម្ពាធផ្នែកយោធានិងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដោយរបបក្រុងប៉េកាំងដើម្បីជាការឆ្លើយតបដោយផ្ទាល់ទៅលើសកម្មភាពដ៏គឃ្លើនរបស់កោះតៃវ៉ាន់។
ស្ថានភាពជម្លោះរវាងប្រទេសបងប្អូនចិនទាំងពីរនេះបានកើតមានឡើងតាំងពីដើមរៀងមកយ៉ាងណាក៏ដោយ ក៏ទំនាក់ទំនងពាណិជ្ជកម្មនិងសេដ្ឋកិច្ចរបស់កោះតៃវ៉ាន់ជាមួយនឹងចិនដីគោកហើយនិងហុងកុង គឺបានកើនឡើងយ៉ាងខ្លាំង និងត្រូវបានគេចាត់ទុកថាដៃគូគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កោះមួយនេះដែរ។


ក្នុងនោះមានក្រុមហ៊ុនបច្ចេកវិទ្យាសំខាន់ៗរបស់កោះតៃវ៉ាន់ជាច្រើន ដូចជាក្រុមហ៊ុនបច្ចេកវិទ្យា TSMC ដែលជាអ្នកផលិតបន្ទះឈីបដ៏ធំបំផុតនៅក្នុងពិភពលោក គឺសុទ្ធតែមានរោងចក្រដំណើរការរបស់ខ្លួននៅក្នុងប្រទេសចិន។
បើយោងតាមទិន្នន័យពាណិជ្ជកម្មផ្លូវការរបស់តៃវ៉ាន់កាលពីឆ្នាំកន្លងទៅ បានបង្ហាញថា កោះតៃវ៉ាន់បានធើ្វការនាំចេញផលិតផលរបស់ខ្លួនសរុបប្រមាណជា ៤២% ទៅកាន់ប្រទេសចិននិងក្រុងហុងកុងដែលគិតជាទឹកប្រាក់សរុបចំនួន ១៨៨.៩១ពាន់លានដុល្លារអាម៉េរិក ស្របពេលដែលការនាំចេញទៅកាន់សហរដ្ឋអាម៉េរិកមានត្រឹមតែ ១៥%តែប៉ុណ្ណាះ។ ដោយការនាំចេញទាំងនោះភាគច្រើនគឺជាផលិតផលគ្រឿងអេឡិចត្រូនិក និងឧបករណ៍បច្ចេកវិទ្យាផ្សេងៗ៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ CNBC