ព័ត៌មានអន្តរជាតិ

ចិនលុបចោលកិច្ចប្រជុំទ្វេភាគីជាមួយនឹងជប៉ុន ខឹងរឿងចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងកោះតៃវ៉ាន់នៅក្នុងកិច្ចប្រជុំ (G7)

image


ព្រះរាជាណាចក្រកម្ពុជា៖ បើយោងតាមក្រសួងការបរទេសចិនបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ខ្លួនបានសម្រេចលុបចោលកិច្ចប្រជុំទ្វេភាគីរបស់លោក Wang Yi ជារដ្ឋមន្ត្រីការបរទេសចិន ជាមួយនិងសមភាគីជប៉ុនដែលគ្រោងនិងធើ្វឡើងនៅក្នុងប្រទេសកម្ពុជានាឱកាសនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៥ក្នុងរាជធានីភ្នំពេញ។


អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying បានលើកឡើងថា ប្រទេសចិនគឺមានការខកចិត្តយ៉ាងខ្លាំងទៅនឹងសេចក្តីថ្លែងការណ៍រួមគ្នាមួយរបស់ក្រុមរដ្ឋមន្រ្តីការបរទេសមកពីប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ៧ ពាក់ព័ន្ធទៅនឹងបញ្ហាកោះតៃវ៉ាន់នៅក្នុងកិច្ចប្រជុំអាស៊ានខាងលើនេះ។


ក្រុមរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង ៧ ដែលរួមមានទាំងប្រទេសជប៉ុនផងនោះ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយកាលពីថ្ងៃពុធកន្លងទៅ ជំម្រុញឱ្យរដ្ឋាភិបាលក្រុងប៉េកាំងត្រូវដោះស្រាយបញ្ហាវិបត្តិកោះតៃវ៉ាន់ដោយសន្តិវិធីនិងការទទួលខុសត្រូវខ្ពស់។


សេចក្តីថ្លែងការណ៍របស់ក្រុមប្រទេស (G7) ខាងលើនេះ ធើ្វឡើងបន្ទាប់ពីប្រទេសចិនមានការខឹងសម្បារយ៉ាងខ្លាំងទៅនឹងដំណើរកិច្ចរបស់ប្រធានសភាអាម៉េរិកលោកស្រី Pelosi មកកាន់កោះតៃវ៉ាន់ដែលចិនមើលឃើញថា ជាចេតនាញុះញង់និងរំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើដែនអធិបតេយ្យភាពរបស់ចិន៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect