ព័ត៌មានជាតិ

ជប៉ុននិយាយថា ចង់បង្កើនកិច្ចទំនាក់ទំនងបន្ថែមជាមួយនឹងអាស៊ានក្នុងឱកាសគម្រប់ខួបទី ៥០ឆ្នាំ

image


ព្រះរាជាណាចក្រកម្ពុជា៖ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Yoshimasa Hayashi បានថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានក្នុងរាជធានីភ្នំពេញដោយបានលើកឡើងថា ប្រទេសជប៉ុននិងបេ្តជ្ញាបន្ដចូលរួមក្នុងបេសកកម្មរបស់អាស៊ាន ដើម្បីពង្រឹងកិច្ចទំនាក់ទំនងរបស់ខ្លួនឱ្យកាន់តែរឹងមាំនិងយូរអង្វែងបន្ថែមទៀត។


នៅក្នុងឱកាសគម្រប់ខួបទី ៥០ឆ្នាំនៃទំនាក់ទំនងជប៉ុនជាមួយនិងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលហៅកាត់ថាអាស៊ាន រដ្ឋមន្រ្តីការបរទេសខាងលើរូបនេះ បានថ្លែងរំលឹកអំពីសមិទ្ធផលជាច្រើនដែលអាស៊ានហើយនិងជប៉ុនរួមគ្នាសម្រេចបាននៅក្នុងកិច្ចទំនាក់ទំនងការទូតរបស់ខ្លួន ហើយប្រទេសជប៉ុននិងខិតខំបន្តពង្រឹងបេសកកម្មមួយនេះទៅថ្ងៃខាងមុខ ដើម្បីផលប្រយោជន៍រវាងប្រទេសជាដៃគូទាំងអស់។


សម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៥ ដែលមានប្រទេសកម្ពុជាជាម្ទាស់ផ្ទះ ក្រៅតែពីការពិភាក្សាអំពីបញ្ហាប្រឈមក្នុងតំបន់ ក៏មានការចូលរួមពិភាក្សាពីបណ្ដាប្រទេសធំៗផ្សេងទៀត ដែលមានដូចជាប្រទេសរុស្ស៊ី ចិន និងសហរដ្ឋអាម៉េរិកដោយផ្តោតលើរបៀបវារៈសំខាន់ៗដែលពាក់ព័ន្ធទៅនឹងវិបត្ដិសង្គ្រាមនៅអ៊ុយក្រែន ហើយនិងបញ្ហាភាពតានតឹងនៅកោះតៃវ៉ាន់ដែលកំពុងតែកើនឡើងយ៉ាងខ្លាំង ជុំវិញដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាសរបស់មន្រ្តីជាន់ខ្ពស់អាម៉េរិកកាលពីពេលថ្មីៗនេះ៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect