សង្គម

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួនពីរ ជាមួយជប៉ុន ដើម្បីអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី នៅកំពង់ផែក្រុងព្រះសីហនុ

image


ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា បានប្រកាសឱ្យដឹងថា នៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២២ នៅវិមានសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារ និងកិច្ចព្រមព្រៀងចំនួនពីរ ជាមួយជប៉ុន។

បើតាមក្រសួងការបរទេស បានឱ្យដឹងថា ការចុះហត្ថលេខានោះ រួមមាន៖

១ លិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនដែល មានទឹកប្រាក់ចំនួន ៤១.៣៨៨.០០០០០០ យ៉េន សម្រាប់ការអនុវត្តគម្រោងអភិវឌ្ឍន៍ ចំណតផែកុងតឺន័រថ្មីនៅកំពង់ផែក្រុងព្រះសីហនុជំហានទី១ រវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រ កម្ពុជា និងលោក ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា (HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេស ជប៉ុន។

២- កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងខាងលើ រវាងលោក ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី កាមេ ហាវឺកុ ប្រធាន តំណាង JICA ប្រចាំកម្ពុជា។

ក្រសួង បានបញ្ជាក់បន្ថែមថា ឥណទានសម្បទាននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រីក និងធ្វើទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងដើម្បីប្រែក្លាយកំពង់ផែនេះទៅជាកំពង់ផែទឹកជ្រៅស្នូលសម្រាប់ប្រទេស កម្ពុជា និងក្នុងតំបន់ ស្របតាមការប្ដេជ្ញាចិត្តរបស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកាលពីដើមឆ្នាំនេះ។ នៅមុនពិធីចុះហត្ថលេខាលោក ហាយ៉ាហ្ស៊ី យ៉ូហ៊ីម៉ាសា នឹងអញ្ជើញចូលជួបសម្តែងការ គួរសមចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន៕