ព័ត៌មានអន្តរជាតិ

ជប៉ុន និងអាម៉េរិក សហការគ្នាដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រកោះតៃវ៉ាន់ អំឡុងដំណើរទស្សកិច្ចចុងក្រោយរបស់លោកស្រី Pelosi នៅជប៉ុន

image


ជប៉ុន៖ ប្រធានសភាតំណាងរាស្រ្តរបស់សហរដ្ឋអាម៉េរិក លោកស្រី Nancy Pelosi ស្ថិតនៅក្នុងទឹកដីប្រទេសជប៉ុន នៅថ្ងៃសុក្រនេះ អំឡុងដំណើរទស្សនៈកិច្ចជុំចុងក្រោយនៅតំបន់អាស៊ី។ ក្នុងដំណើរទស្សនកិច្ចនេះ គឺដើម្បីធ្វើការរួមគ្នាលើការរក្សាសុខសន្តិភាពរួមគ្នារវាងអាម៉េរិក និងជប៉ុន នៅក្នុងច្រកសមុទ្រកោះតៃវ៉ាន់ដែលកាន់តែមានភាពតានតឹងឡើងៗខណៈចិនបានបង្ហាញសាច់ដុំនៃសមយុទ្ធយោធាដែលមិនធ្លាប់មានពីមុនមក។


លោកស្រី Pelosi បានជួបសំណេះសំណាលជាមួយលោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida នៅឯគេហដ្ឋានផ្លូវការរបស់លោក។ ដោយលោក Kishida មានប្រសាសន៍ថា សម្ព័ន្ធមិត្តទាំងពីរនឹងធ្វើការជាមួយគ្នាដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងច្រកសមុទ្រកោះតៃវ៉ាន់ ដែលជាផ្លូវរបៀងដឹកជញ្ជូនដ៏សំខាន់មួយ។
អំឡុងដំណើរទស្សនកិច្ចរបស់លោកស្រី ក៏មានគ្រាប់មីស៊ីលចំនួន ៥ គ្រាប់របស់ចិនបានធ្លាក់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន (EEZ) ផងដែរ ដោយលោក Kishida បានសង្កត់ធ្ងន់បន្ថែមថា ជប៉ុនបានថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពបែបនេះរបស់ចិន។


ទីក្រុងតូក្យូដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធិបំផុតមួយរបស់ទីក្រុងវ៉ាស៊ីនតោន ក៏បង្ហាញការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការដំឡើងសាច់ដុំរបស់ចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ជាពិសេសក្តីកង្វល់របស់ជប៉ុនគឺជាលទ្ធភាពដែលរដ្ឋធានីប៉េកាំងអាចចាត់វិធានការយោធាណាមួយដើម្បីរំលោភបំពានកោះតៃវ៉ាន់។ ប្រទេសជប៉ុន ដែលមានកោះជាច្រើននៅភាគខាងត្បូងជិតកោះតៃវ៉ាន់ បានព្រមានផងដែរថា ការបំភិតបំភ័យរបស់ចិនមកលើកោះតៃវ៉ាន់ ក៏ជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់ជប៉ុនកាន់តែខ្លាំងដូចគ្នា។


គួររំលឹកថា កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញ ភាពតានតឹងមួយទៀតរវាងប្រទេសជប៉ុន និងចិនបានកើនឡើងផងដែរ ខណៈប្រទេសចិនបានប្រកាសលុបចោលជំនួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសជប៉ុន ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅខាងក្រៅកិច្ចប្រជុំអាស៊ានស្ថិតនៅកម្ពុជា ក៏ព្រោះតែចិនមិនពេញចិត្តចំពោះសេចក្តីថ្លែងការណ៍របស់ G7 ដែលបង្គាប់បញ្ជាឱ្យទីក្រុងប៉េកាំងដោះស្រាយភាពតានតឹងជាមួយកោះតៃវ៉ាន់ដោយសន្តិវិធី៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters