សង្គម

រដ្ឋមន្រ្តីការបរទេសឥណ្ឌានិងកាណាដាអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននៅកម្ពុជា

image


ព្រះរាជាណាចក្រកម្ពុជា៖ រដ្ឋមន្រ្តីការបរទេសប្រទេសឥណ្ឌានិងរដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសកាណាដា បានអញ្ជើញមកចូលរួមនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ានលើកទី ៥៥ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ទាស់ផ្ទះនៃកិច្ចប្រជុំនៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។


បើយោងតាមការបញ្ជាក់ពីក្រសួងការបរទេសកាណាដា សម្រាប់ឱកាសកិច្ចប្រជុំអាស៊ានខាងលើនេះដែរ រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិកាណាដាលោកស្រី Mary Ng បានពិភាក្សាលើបញ្ហាប្រឈមក្នុងតំបន់និងពិភពលោកពាក់ព័ន្ធទៅនឹងដំណើរការសេដ្ឋកិច្ច ហើយនិងទៅលើកិច្ចពង្រឹងសហប្រតិបត្តិការពាណិជ្ជកម្មបន្ថែមទៀតជាមួយនិងបណ្ដាប្រទេសដែលជាសមាជិកអាស៊ាន។
ដោយឡែករដ្ឋមន្រ្តីការបរទេសឥណ្ឌាលោក Subrahmanyam Jaishanka ឯណោះវិញ បានចូលរួមក្នុងកិច្ចប្រជុំពិភាក្សាលើផែនការបេសកកម្មរួមគ្នារវាងអាស៊ាននិងឥណ្ឌា ក្នុងកិច្ចការទំនាក់ទំនងភាពជាដៃគូសម្រាប់រយៈពេល ១០ឆ្នាំខាងមុខ៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect