ព័ត៌មានជាតិ

ឆ្នាំ២០២២ ខេត្តបាត់ដំបងសម្រេចធ្វើការដាំដុះដំណាំស្រូវបានជាង៦៦% ខណៈដែលកសិករភាគច្រើនងាកមកធ្វើស្រូវប្រាំងច្រើនជាងស្រូវវស្សា

image


បាត់ដំបង៖ បាត់ដំបង ត្រូវបានចាត់ទុកថា ជាខេត្តឈានមុខគេលើការងារកសិកម្មគ្រប់ប្រភេទ ពិសេសការងារដាំដុះដំណាំស្រូវ ហើយឈានចូលដល់រដូវវស្សាឆ្នាំ២០២២នេះ ពោលគឺគិតត្រឹមដើមសប្តាហ៍ទី១ នៃខែសីហានេះ ប្រជាកសិករ នៅខេត្តបាត់ដំបង បានសម្រេចលើការងារភ្ជួររាស់ដីស្រែសរុបចំនួន ២២១ ០៣១ហ.ត គឺស្មើ៦៦,៤៤% នៃផែនការឆ្នាំ ៣៣២ ៧០០ហ.ត ។

ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបង លោក ឈឹម វជិរា បានផ្តល់ព័ត៌មានមកក្រុមការងារទូរទស្សន៍ប្រចាំខេត្តបាត់ដំបង ដឹងយ៉ាងដូច្នេះថា ឆ្នាំនេះខេត្តបាត់ដំបង មានអំណោយផលល្អពីល្បាយទឹកភ្លៀង តាំងពីមុនដើមរដូវវស្សាមកម្ល៉េះ ដែលមានភ្លៀងធ្លាក់មករាយប៉ាយស្ទើរតែទូទាំងខេត្តបាត់ដំបង ក្នុងបរិមាណទឹកភ្លៀងកម្រិត ៥៧៦,៣ មីលីម៉ែត្រ និងមានភ្លៀងធ្លាក់ចំនួន៥១ថ្ងៃ ដែលធ្វើឱ្យសកម្មភាពនៃការងារដាំដុះដំណាំស្រូវមានសកម្មភាពប្រព្រឹត្តិទៅដោយភាពរលូន ។ លោក បានបន្តថា ការងារដាំដុះស្រូវ មានស្រូវស្រាល ស្រូវកណ្តាលស្រូវធ្ងន់ ស្រូវចំការ និងស្រូវឡើងទឹក សរុបទាំងអស់បានចំនួន ២២០ ៩៥១ហ.ត ស្មើនឹង៦៦,៤១% នៃផែនការ ៣៣២ ៧០០ហ.ត ។

លោក ឈឿត ប៉ាន់ឆុំ នៅភូមិព្រៃដាច់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង បានបញ្ជាក់ថា គាត់មានផ្ទៃដីសរុបទាំងអស់ជិត២០ហ.ត ក្នុងនោះជាដីផ្ទាល់ខ្លួនផងនិងដីជួលគេផង ដោយបានដាំដុះស្រូវប្រភេទពូជសែនក្រអូបនិងមានស្រូវ ធ្ងន់ខ្លះ ។ លោក បានបន្តទៀតថា ក្រុមគ្រួសារលោក និងកសិករដទៃទៀត នៅក្នុងភូមិ សង្កាត់ ជាមួយគ្នា បានងាកមកធ្វើការដាំដុះស្រូវប្រភេទស្រូវប្រាំងស្ទើរតែគ្រប់គ្នា ដោយសារតែការធ្វើស្រែប្រាំង គឺអាចធ្វើបាន២ដងក្នុងមួយរដូវ ដែលខុសពីស្រូវវស្សាបានតែម្តងប៉ុណ្ណោះ ក្នុងមួយរដូវ ។

ចំពោះអ្នកស្រី សាំ ភណ្ឌ ក៏ជាអ្នករស់នៅក្នុងសង្កាត់អូរម៉ាល់នេះដែរ បានបង្ហាញឲ្យដឹងថា ឆ្នាំនេះដោយសារតែជួបនឹងបញ្ហាជី ក៏ដូចជាប្រេងឥន្ធនៈឡើងថ្លៃ គ្រួសារគាត់ធ្វើស្រែតែ១ហ.តប៉ុណ្ណោះ ទុកសម្រាប់ការបរិភោគប្រចាំថ្ងៃ ជាប្រភេទពូជស្រូវស្រង៉ែ ។ អ្នកស្រី ក៏បានរំលេចឲ្យដឹងផងដែរថា បច្ចុប្បន្ន ការធ្វើស្រែមិនសូវប្រើកម្លាំងពលកម្មរបស់មនុស្ស ឬសត្វពាហនៈនោះទេ ទាំងការភ្ជួ រាស់ ស្ទូង និងច្រូតជាដើម ត្រូវប្រើប្រាស់ម៉ាស៊ីនទាំងអស់ ដែលធ្វើឲ្យការចំណាយថ្លៃដើមផលិតអស់ច្រើនក្នុងមួយឆ្នាំៗ ។

លោក ឈឹម វជិរា បានបញ្ជាក់បន្ថែមទៀតថា ក្រៅពីការងារដាំដុះដំណាំស្រូវ ប្រជាកសិករនូវបានដាំដំណាំសាកវប្បកម្ម និងឧស្សាហកម្មសរុបចំនួន ១៨៥ ០២០ហ.ត ស្មើនឹង៧៧,៩០% នៃផែនការ ២៣៧ ៤៩០ហ.ត ។ ទន្ទឹមនឹងនេះនៅមានការដាំដំណាំបន្លែយកផ្លែ បន្លែយកស្លឹក បន្លែយកផ្កា បន្លែយកដើម និងបន្លែយកមើម សរុបចំនួន១ ១៩៣ ហ.ត ស្មើនឹ៤៥,៧១% នៃផែនការ ២ ៥៨០ហ.ត ។ ក្រៅពីនេះនៅមានដំណាំឧស្សាហកម្ម មានពោតក្រហម ដំឡូងមី សណ្តែកបាយ សណ្តែកសៀង សណ្តែកដី អំពៅ ល្ងរ សរុបបាន ១៨៣ ៨២៧ហ.ត ស្មើនឹង៧៨,២៥% នៃផែនការ ២៣៤ ៩១០ហ.តថែមទៀតផង ។

លោក ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានបង្ហាញនូវការធ្វើរង្វាយតម្លៃចំពោះការងារបង្កបង្កើនផលស្រូវ ក៏ដូចជាការដាំដុះដំណាំផ្សេងៗទៀតនៅខេត្តបាត់ដំបងនាឆ្នាំនេះ សង្ឃឹមថា កសិករនឹងមានស្ថានភាពល្អប្រសើរលើផ្នែកសេដ្ឋកិច្ច ហើយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ក៏កាន់តែមានការវិវឌ្ឍន៍រីកចម្រើនផងដែរ ៕

ដោយ៖ គួយ គឹមស៊ន