ព័ត៌មានអន្តរជាតិ

វេណេហ្ស៊ូអ៊ីឡា រិះគន់ការសម្រេចរបស់តុលាការអង់គ្លេស និងសហរដ្ឋអាម៉េរិក ជុំវិញការបង្កកទុនបម្រុងមាស និងយន្តហោះរបស់វេណេហ្ស៊ូអ៊ីឡា

image


វេណេហ្ស៊ួអ៊ីឡា៖ ប្រធានាធិបតីវេណេហ្ស៊ូអ៊ីឡា លោក Nicolas Maduro នៅថ្ងៃពុធសប្តាហ៍នេះ បានរិះគន់ទាំងចក្រភពអង់គ្លេស និងសហរដ្ឋអាម៉េរិកចំពោះចេតនារបស់ប្រទេសទាំងពីរនេះ ក្នុងការគ្រប់គ្រងទុនបំរុងមាសរបស់ប្រទេសវេណេហ្ស៊ូអ៊ីឡា ដែលរក្សាទុកនៅធនាគារកណ្តាលរបស់ចក្រភពអង់គ្លេស និងរឹបអូសយន្តហោះរបស់អ៊ីរ៉ង់ដែលលក់ទៅឱ្យវេណេហ្ស៊ូអេឡានៅក្នុងទឹកដីប្រទេសអាហ្សង់ទីនផងដែរ។
នៅក្នុងជំនួបជាមួយពាណិជ្ជករតាមទូរទស្សន៍ លោក Maduro បានលើកឡើងថា សេចក្តីសម្រេចរបស់តុលាការជាន់ខ្ពស់ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស គឺជាចេតនាលួច និងជំរិតយកប្រាក់បម្រុងមាសជាង ១ ពាន់លានដុល្លាររបស់វេណេហ្ស៊ូអ៊ី ដែលរក្សាទុកនៅធនាគារកណ្តាលក្នុងទីក្រុងឡុងដ៍។


សេចក្តីសម្រេចនេះ ធ្វើឡើងបន្ទាប់ពីមេដឹកនាំប្រឆាំងលោក Juan Guaido ស្នើឱ្យធនាគារកណ្តាលអង់គ្លេសបង្អាក់រដ្ឋាភិបាលរបស់លោក Maduro ក្នុងការចូលទៅគ្រប់គ្រងទុនបម្រុងមាស។ បន្ទាប់មក ធនាគារកណ្តាលរបស់លោក Maduro ក៏បានប្តឹងបកទៅធនាគារកណ្តាលអង់គ្លេសវិញ ដើម្បីអាចគ្រប់គ្រងទុនបម្រុងមាសឡើងវិញបាន ដោយទទូចថា ខ្លួនកំពុងត្រូវការមូលនិធិរបស់ធនាគារកណ្តាលវេណេហ្ស៊ុយអ៊ីឡា ដែលចាំបាច់ក្នុងការផ្តល់ហិរញ្ញប្បទានដើម្បីឆ្លើយតបទៅនឹងមេរោគឆ្លងដែលកំពុងរាលដាលក្នុងវេណេស៊ុយអ៊ីឡា។


ក្នុងកម្មវិធីជំនួបជាមួយពាណិជ្ជករដដែលនេះ លោក Maduro ក៏បានលើកឡើងបន្ថែមថា យន្តហោះអ៊ីរ៉ង់ដែលលក់ទៅឱ្យវេណេហ្ស៊ុយអេឡា ក៏ត្រូវបានជាប់គាំងក្នុងប្រទេសអាហ្សង់ទីនផងដែរ ព្រោះតែមានការសង្ស័យថា យន្តហោះនេះមានទំនាក់ទំនងណាមួយជាមួយក្រុមភេរវករអន្តរជាតិ។ លោក Maduro ចង់ឱ្យប្រជាជនវេណេហ្ស៊ូអ៊ីឡាក្រោកឈរឡើង និងសុំឱ្យប្រជាជនអាហ្សង់ទីនបន្ថែមសាមគ្គីភាពជាមួយគ្នា។
ក្រសួងយុត្តិធម៌ (DOJ) របស់សហរដ្ឋអាម៉េរិក នៅថ្ងៃអង្គារសប្តាហ៍នេះ បានស្នើសុំការអនុញ្ញាតឱ្យរឹបអូសយន្តហោះដែលបង្អាក់ទុកក្នុងប្រទេសអាហ្សង់ទីន ដោយចោទប្រកាន់ថាយន្តហោះនេះបានបំពានច្បាប់គ្រប់គ្រងការនាំចេញ។


ចំណែកឯរដ្ឋាភិបាលអាហ្សង់ទីនវិញ បន្ទាប់ពីយន្តហោះខាងលើនេះ មកដល់ប្រទេសអាហ្សង់ទីនភ្លាមៗកាលពីថ្ងៃទី ៨ ខែមិថុនា ដោយមិនមានការជូនដំណឹងជាមុនណាមួយ ក៏បានបង្កជាការព្រួយបារម្ភពីសំណាក់រដ្ឋាភិបាលអាហ្សង់ទីន ជុំវិញទំនាក់ទំនងរបស់ខ្លួនជាមួយនឹងប្រទេសអ៊ីរ៉ង់ និងវេណេហ្ស៊ូអ៊ីឡា ក៏ដូចជាក្រុមហ៊ុនដែលសហរដ្ឋអាម៉េរិកដាក់ទណ្ឌកម្ម បន្ទាប់ពីយន្តហោះនេះត្រូវបានអាជ្ញាធរមូលដ្ឋានអនុញ្ញាតឱ្យចុះចតចូលក្នុងទឹកដីខ្លួន៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect