ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង៖ ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ទៅកាន់ព្រំដែនអន្តរកូរ៉េគឺដើម្បីទប់ស្កាត់មហិច្ឆតានុយក្លេអ៊ែររបស់កូរ៉េខាងជើង

image


កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យុន ស៊ុកយីល (Yoon Suk-yeol) នៅថ្ងៃព្រហស្បតិ៍ (ទី៤ ខែសីហា) មានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់ប្រធានសភាសហរដ្ឋអាម៉េរិក លោកស្រី Nancy Pelosi ទៅកាន់តំបន់ព្រំដែនអន្តរកូរ៉េ គឺជាការឆ្លុះបញ្ចាំងពីការទប់ទល់យ៉ាងខ្លាំងក្លាប្រឆាំងនឹងមហិច្ឆតានុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។
បើតាមការបញ្ជាក់ពីទីប្រឹក្សាសន្តិសុខ លោក គីម ថេស្យូ (Kim Tae-hyo) បានឱ្យដឹងថា លោកប្រធានាធិបតី យុន ស៊ុកយីល (Yoon Suk-yeol) មិនបានជួបលោកស្រី Pelosi ដោយផ្ទាល់ឡើយ អំឡុងវិស្សមកាលរបស់លោកក្នុងសប្តាហ៍នេះ ប៉ុន្តែមេដឹកនាំទាំងពីរក៏បានធ្វើការសន្ទនាតាមទូរស័ព្ទប្រមាណជា ៤០ នាទីជាមួយគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិក្នុងការអភិវឌ្ឍយុទ្ធសាស្ត្រជាអន្តរសម្ព័ន្ធមិត្ត។


លោកស្រី Pelosi នឹងក្លាយជាមន្ត្រីជាន់ខ្ពស់ដ៏មានឥទ្ធិពលម្នាក់ទៀតរបស់សហរដ្ឋអាម៉េរិកដែលទៅទស្សនកិច្ចនៅក្នុងតំបន់សន្តិសុខព្រំដែនរួមនៃអន្តរកូរ៉េទំាងពីរ បន្ទាប់ពីអតីតប្រធានាធិបតី Donald Trump ដែលបានជួបជាមួយនឹងមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un នៅទីនោះកាលពីឆ្នាំ ២០១៩កន្លងទៅ។
បញ្ជាក់ថា លោកស្រីបានមកដល់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីល្ងាចថ្ងៃពុធ ក្នុងដំណើរទស្សនកិច្ចពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូង ដោយលោកស្រីបានប្តេជ្ញាថានឹងគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់មហិច្ឆតានុយក្លេអ៊ែររបស់កូរ៉េខាងជើង៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect