កីឡា

ខ្សែប្រយុទ្ធកំពូល 5 រូបត្រៀមបង្ហាញខ្លួននៅ FIFA World Cup ជាលើកដំបូងនៅប្រទេសកាតា

image



ទោះបីជាក្នុងបញ្ជីនេះ មិនមានខ្សែប្រយុទ្ធដ៏មានសក្ដានុពលរបស់ក្លិប Manchester City ពោលគឺ Erling Haaland ក៏ដោយ ក៏ខ្សែប្រយុទ្ធម្នាក់របស់ក្លិបនៃក្របខណ្ឌ Premier League នឹងត្រូវបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ FIFA World Cup Qatar 2022 នាចុងឆ្នាំនេះ។

1. Jonathan David 22 ឆ្នាំ, 31 គ្រាប់សម្រាប់ក្រុមកាណាដា

David បានដើរតួយ៉ាងសំខាន់នៅពេលដែលក្រុម Lille បានឈ្នះជើងឯកលីគបារាំងដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងប្រវត្តិសាស្ត្រ កាលពីរដូវកាល 2020-21 ។ គេក៏ជាស្នូលនៅក្នុងក្រុមជម្រើសជាតិកាណាដា ក្នុងការឈានដល់ការប្រកួត FIFA World Cup ជាលើកដំបូងក្នុងរយៈពេល 36 ឆ្នាំ។



2. Lautaro Martinez 22 ឆ្នាំ, 20 គ្រាប់សម្រាប់ក្រុមអាហ្សង់ទីន

Martinez បានជាប់ក្នុងបញ្ជីឈ្មោះបឋម សម្រាប់ FIFA World Cup នៅប្រទេសរុស្ស៊ី កាលពីឆ្នាំ 2018 ប៉ុន្តែគេមិនបានជាប់បញ្ជីឈ្មោះចុងក្រោយទេ ខណៈ Sergio Aguero, Paulo Dybala និង Gonzalo Higuain ត្រូវបាននាំយកទៅជាមួយ Lionel Messi ។ ឥឡូវនេះ Martinez ដែលរកបានចំនួន 9 គ្រាប់ក្នុង 13 ប្រកួត ជាដៃគូប្រយុទ្ធរបស់ Messi បានជួយឱ្យអាហ្សង់ទីន ឈ្នះពានរង្វាន់ Copa America ជាលើកដំបូងក្នុងរយៈពេល 28 ឆ្នាំ។



3. Christopher Nkunku 24 ឆ្នាំ, 0 គ្រាប់សម្រាប់ក្រុមបារាំង

នៅពេលដែលកីឡាករម្នាក់ឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំរដូវកាលរបស់ក្របខណ្ឌ Bundesliga យើងត្រូវដឹងថា គេច្បាស់ជាកីឡាករពិសេស។ Nkunku ត្រូវរង់ចាំរហូតដល់ដើមឆ្នាំនេះសម្រាប់ការកោះហៅពីក្រុមជម្រើសជាតិបារាំងជាលើកដំបូង ហើយបានបង្ហាញខ្លួននៅគ្រប់ការប្រកួតរបស់បារាំងតាំងពីពេលនោះមក។ អតីតកីឡាករ Paris Saint-Germain បានចាប់ផ្តើមលេងនៅតំបន់កណ្តាល ឬស្លាប ប៉ុន្តែឥឡូវនេះកំពុងលេងនៅតំបន់ប្រយុទ្ធសម្រាប់ក្លិប Leipzig ។



4. Darwin Nunez 23 ឆ្នាំ, 2 គ្រាប់សម្រាប់ក្រុមអ៊ុយរុយហ្គាយ

អ៊ុយរុយហ្គាយ បានផលិតកីឡាករឆ្នើមៗក្នុងសតវត្សរ៍នេះ រួមមានដូចជា Diego Forlan, Luis Suarez និង Edinson Cavani ។ ចុងក្រោយបង្អស់នេះ តារារះមួយទៀតគឺ Nunez ដែលមានទាំងល្បឿន ចលនា និងការបញ្ចប់ទី ធ្វើឱ្យគេក្លាយជាខ្សែប្រយុទ្ធដ៏មុតស្រួច។ ខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្លិបហង្សក្រហម Liverpool នឹងមានវាសនាក្នុងការបង្ហាញខ្លួនសម្រាប់ក្រុមអ៊ុយរុយហ្គាយ នៅប្រទេសកាតា នាចុងឆ្នាំនេះ។


5. Dusan Vlahovic 22 ឆ្នាំ, 7 គ្រាប់សម្រាប់ក្រុមស៊ែប

Vlahovic ត្រូវបានគេហៅថា Ibrahimovic របស់ស៊ែប។ អតីតមិត្តរួមក្រុម Valeri Bojinov បានរំឮកថា កាលអាយុ 16 ឆ្នាំ គេបានប្រាប់ថា៖ “'ខ្ញុំគឺ Zlatan មកពី Belgrade'។ ខ្ញុំ នឹងលេងឱ្យក្លិបធំបំផុត ហើយក្លាយជាខ្សែប្រយុទ្ធដ៏ល្អបំផុតម្នាក់នៅលើពិភពលោក។" ខ្សែប្រយុទ្ធរបស់ក្លិប Juventus រកបាន 45 គ្រាប់ក្នុងការបង្ហាញខ្លួន 73 ដងក្នុងរយៈពេល 3 រដូវកាលចុងក្រោយនៅក្នុងក្របខណ្ឌ Serie A ហើយនឹងក្លាយជាខ្សែប្រយុទ្ធរបស់ស៊ែប ក្នុងការស្វែងរកភាពជោគជ័យនៅឧបទ្វីបកាតា។



ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ឆាប់ៗខាងមុខនេះ៕