សន្តិសុខសង្គម

សមត្ថកិច្ចខេត្តក្រចេះ បំបែកសំណុំរឿងឃាតកម្មវាយកាប់សម្លាប់កាលពីជាង២ខែមុន ចាប់ខ្លួនជនសង្ស័យ៣នាក់

image


ក្រចេះ៖ នគរបាលខេត្តក្រចេះ បានបំបែកសំណុំរឿងឃាតកម្មវាយកាប់សម្លាប់ ដែលបានកើតឡើងកាលពីជាង ២ខែមុន។ នេះបើយោងតាមការឱ្យដឹងពី ស្នងការនគរបាលខេត្តក្រចេះ នៅល្ងាចថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២។

លោកវរសេនីយ៍ឯក ចាន់ សុខគីម អធិការនគរបាលស្រុកស្នួល បានបញ្ជាក់ថា ជនសង្ស័យដៃដល់៣នាក់ ក្នុងអំពើឃាតកម្មកាប់សម្លាប់មនុស្សរហូតស្លាប់ ដែលប្រព្រឹត្តកាលពីដើមខែមិថុនា ឆ្នាំ២០២២ ដោយសារតែទំនាស់រឿងជិះម៉ូតូវ៉ាគ្នា ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកស្នួល បំបែកសំណុំរឿងបាន ឈានដល់ការចាប់ខ្លួនបានមនុស្សជាបន្តបន្ទាប់គ្នា។

ក្នុងករណីនេះ កម្លាំងនគរបាលព្រហ្មទណ្ឌស្រុក បានបើកប្រតិបត្តិការសើបអង្កេត ឈានដល់ការចាប់ខ្លួនបានជនសង្ស័យដៃដល់ចំនួន ៣នាក់ ឈ្មោះ ស្រី កទៀត អាយុ២១ឆ្នាំ ឈ្មោះ ឡុង ឧត្តម(ហៅដំ) អាយុ២៣ឆ្នាំ ឈ្មោះ សំ រិទ្ឋី (ហៅធីក្រញាញ់) អាយុ៣៩ឆ្នាំ។ ពួកគេទាំង៣នាក់ មានទីលំនៅផ្សេងគ្នា ក្នុងខេត្តក្រចេះ។

យោងតាមចម្លើយសារភាពជនទាំង៣នាក់នេះថា កាលពីយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០២២ នៅចំណុចភ្នំព្រិច ភូមិស្រែរនាម ឃុំឃ្សឹម ស្រុកស្នួល។ ពួកគេពិតជាបានធ្វើសកម្មភាពកាប់សម្លាប់ទៅលើជនរងគ្រោះ ឈ្មោះ ឌាន ដា ភេទប្រុស អាយុ២១ឆ្នាំ បណ្តាលឱ្យស្លាប់ប្រាកដមែន ដោយទំនាស់រឿងជិះម៉ូតូវ៉ាគ្នា៕