សន្តិសុខសង្គម

រថយន្តធុនធំ បុក និងកិនសិស្សសាលា២នាក់ស្លាប់ភ្លាមៗនៅហ្នឹងកន្លែង

image


ភ្នំពេញ៖ រថយន្តដឹកដីធុនធំមួយគ្រឿង បានបើកបុក និងកិនម៉ូតូក្មេងប្រុសពីរនាក់ ដែលទើបតែចេញពីសាលារៀន អូសជាច្រើនម៉ែត្រ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានបញ្ជាក់ថា មុនពេលកើតហេតុក្មេងប្រុស២នាក់ជិះម៉ូតូកូនទាមួយគ្រឿង ដឹកគ្នាចេញពីសាលារៀនទៅផ្ទះ តាមផ្លូវជាតិលេខ២។ នៅពេលធ្វើដំណើរដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តដឹកដីធុនធំមួយគ្រឿង បានបើកមកពីក្រោយក្នុងល្បឿនលឿន បានបុក និងកិន រួចអូសម៉ូតូក្មេងប្រុសនោះជាច្រើនម៉ែត្រ បណ្ដាលឱ្យក្មេងប្រុស ២នាក់ ស្លាប់ភ្លាមៗនៅហ្នឹងកន្លែងយ៉ាងអាណោចអាធម្ម។ កូនសិស្សទាំងពីរនេះ ត្រូវបានគេស្គាលថា រៀននៅវិទ្យាល័យព្រែកកំពឹសទាំង២នាក់ មានឈ្មោះ សុភក្រ័ វីរះ ភេទប្រុស រៀនថ្នាក់ទី៧B1 វេនល្ងាច(ស្លាប់) រស់នៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស និងឈ្មោះ ជីម គឹមឡុង ភេទប្រុស រៀនថ្នាក់ទី៧B1 វេនល្ងាច(ស្លាប់) រស់នៅភូមិដំណាក់សង្កែ ខណ្ឌដង្កោ។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបង្កហេតុ និងរថយន្ត ត្រូវបានសមត្ថកិច្ចចាប់បាន និងបានបន្តនីតិវិធីតាមផ្លូវច្បាប់។ ចំណែកសពក្មេងប្រុស២នាក់ ត្រូវបានប្រគល់ទៅឱ្យក្រុមគ្រួសារ៕

ដោយ៖ ឌីយ៉ាម៉ង់