កីឡា

អ្នកចាត់ការ Man Utd រិះគន់កូនក្រុមរួមទាំង Ronaldo ដែលចាកចេញមុនចប់ការប្រកួត

image


អ្នកចាត់ការទូទៅរបស់ក្រុម Manchester United លោក Erik ten Hag និយាយថា លោកមិនអាចទទួលយកបានទេ ដែលកីឡាករជាច្រើនរួមទាំង Cristiano Ronaldo បានចាកចេញពីការប្រកួតមិត្តភាពកាលពីថ្ងៃអាទិត្យ នៅឯកីឡដ្ឋាន Old Trafford ទល់នឹង Rayo Vallecano មុនចប់ការប្រកួត។

Ronaldo បានចូលលេងចំនួន 45 នាទីដំបូង មុននឹងត្រូវបានប្ដូរចេញនៅមុនកញ្ចែរវគ្គទីពីរ។គេត្រូវបានគេថតបានពេលចាកចេញជាមួយ Diogo Dalot ព្រមទាំងជាច្រើននាក់ ដែលពួកគេបានចាកចេញ 10 នាទីមុនពេលបញ្ចប់។

Ten Hag បានប្រាប់ថា៖ "យើងជាក្រុម ហើយវាមានន័យថាអ្នកត្រូវនៅរហូតដល់ចប់ការប្រកួត"។ "នេះគឺជារឿងដែលមិនអាចទទួលយកបាន សម្រាប់អ្នកទាំងអស់ដែលពាក់ព័ន្ធ។"

Man Utd បានស្មើក្នុងការប្រកួតនេះ ក្នុងលទ្ធផល 1-1 ដោយ Ronaldo មិនអាចស៊ុតបាល់បញ្ចូលទីបានឡើយ។ កីឡាករវ័យ 37 ឆ្នាំដែលបានត្រលប់ទៅ Man Utd កាលពីរដូវកាលមុន បន្ទាប់ពីប្រកបអាជីពជាមួយ Real Madrid និង Juventus មានបំណងចង់ចាកចេញពីក្លិប ដើម្បីបន្តការប្រកួតក្នុងក្របខណ្ឌ Champions League ។

កីឡាករព័រទុយហ្គាល់ ត្រូវបានអនុញ្ញាតឱ្យសម្រាកពីដំណើរទេសចរណ៍មុនរដូវកាលរបស់ Man Utd នៅប្រទេសថៃ និងអូស្ត្រាលីសម្រាប់ហេតុផលផ្ទាល់ខ្លួន។

Man Utd នឹងបើករដូវកាល Premier League 2022-23 របស់ពួកគេ ដោយទទួលក្រុម Brighton នៅថ្ងៃអាទិត្យ ទី 7 ខែសីហា៕