ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ជួបជាមួយភាគីពាក់ព័ន្ធ ដើម្បីពិភាក្សាលើការសាងសង់បង្គោលអង់តែន តាមបណ្តោយផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅក្រុងព្រះសីហនុ

image


ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេ នៅថ្ងៃទី៣ ខែសីហា បានជួបពិភាក្សាបន្តលើការងារសាងសង់បង្គោលអង់តែន តាមបណ្តោយផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅក្រុងព្រះសីហនុ ជាមួយតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន និយ័តករទូរគមនាគមន៍កម្ពុជា ក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿន (China Road and Bridge Corporation) ព្រមទាំងបណ្តាប្រតិបត្តិករទូរគមនាគមន៍។

បើតាមការចេញផ្សាយរបស់ក្រសួងប្រៃសណីយ៍ បានឱ្យដឹងថា កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ដោះស្រាយបញ្ហាប្រឈម និងកំណត់ទីតាំងជាក់លាក់សម្រាប់សាងសង់អង់តែនទូរសព្ទចល័ត ដើម្បីធានាផ្ដល់សេវាគ្របដណ្តប់ពេញលេញនៅតាមបណ្តោយផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅក្រុងព្រះសីហនុ បន្ទាប់ពីក្រុមការងារបានចុះពិនិត្យស្ថានភាពជាក់ស្តែងកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ កន្លងទៅ។

គួររំលឹកថា កាលពីថ្ងៃទី១ សីហា រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត បានដឹកនាំក្រុមការងាររបស់ក្រសួង និយ័តករទូរគមនាគមន៍កម្ពុជា និងក្រុមហ៊ុន ពាក់ព័ន្ធ ចុះត្រួតពិនិត្យទីតាំងសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ នៅតាមបណ្តោយផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញ ទៅក្រុងព្រះសីហនុ។

ការចុះត្រួតពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងស្វែងយល់ និងកំណត់ទីតាំងសម្រាប់អូសខ្សែកាបអុបទិច និងតម្លើងអង់តែនទូរសព្ទចល័តដើម្បីផ្ដល់សេវាទូរគមនាគមន៍គ្របដណ្តប់នៅតាមបណ្តោយផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ នៅក្រុងព្រះសីហនុ។

ក្រសួងប្រៃសណីយ៍ បានបញ្ជាក់ថា ការពង្រឹងគុណភាពសេវាទូរគមនាគមន៍នៅតំបន់នេះពិតជាមានការចាំបាច់ដូចគ្នានឹងតំបន់ដទៃទៀត ដែលអាចជួយជំរុញដល់ការផ្តល់សេវាទូរសព្ទ និងអ៊ីនធឺណិតបានល្អប្រសើរ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន អ្នកធ្វើដំណើរ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ៕