សន្តិសុខសង្គម

រថយន្តធុនធំ កិនស្ត្រីម្នាក់ស្លា.ប់ភ្លាមៗនៅហ្នឹងកន្លែង និង៣នាក់ផ្សេងទៀតរបួសធ្ងន់ស្រាល

image


ភ្នំពេញ៖ រថយន្តធុនធំមួយគ្រឿង បានបុក និងកិនស្ត្រីម្នាក់បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកមនុស្សប្រុស្រី ៣នាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល បន្ទាប់ពីជិះម៉ូតូមកប៉ះគ្នាបណ្តាលឲ្យដួល ត្រូវបានរថយន្តធុនធំបុក និងកិនអូសជាច្រើនម៉ែត្រ ទាំងព្រឹកព្រលឹមថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ត្រង់ចំណុចច្រកចូលកន្លែងចាក់សំរាមចាស់ស្ទឹងមានជ័យ តាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលបានស្លាប់មានឈ្មោះ ពុំ សារឹម ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ ជាកម្មកររោងចក្រ រស់នៅខាងមុខមន្ទីពេទ្យរុស្ស៊ី និងស្ត្រីម្នាក់ទៀតរងរបួសស្រាល ជាអ្នកឌុបអ្នកដែលស្លាប់ ជិះម៉ូតូម៉ាកវីវ៉ា។ ចំណែកឯម៉ូតូឃ្លិច រងរបួសធ្ងន់បុរសពីរនាក់ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

យោងតាមការឱ្យដឹងពីបុរសម្នាក់ ដែលបានឃើញហេតុការណ៍នេះ បានឱ្យដឹងថា ពីដំបូងគាត់ឃើញម៉ូតូម៉ាកឃ្លិច ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HM.2915 បើកបរដោយបុរស២នាក់ តាមបណ្ដោយផ្លូវបេតុង ច្រកចាក់សំរាមចាស់ស្ទឹងមានជ័យ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើបានគៀរម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1L.6998 បើកបរតាមបណ្ដោយផ្លូវ២១៧ ក្នុងទិសដៅពីត្បូងទៅជើងបណ្ដាលឲ្យដួល ហើយស្របពេលនោះក៏មានរថយន្តធុនធំដឹកអីវ៉ាន់ពេញ ម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 3A.3805 បើកបរដោយបុរសម្នាក់ មកពីក្រោយកិនលើស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ និងបុកម៉ូតូម៉ាកឃ្លិចអស់ជាច្រើនម៉ែត្រ បណ្ដាលឲ្យរងរបួសធ្ងន់បុរសពីរនាក់ថែមទៀត។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ ស្លាប់ស្ត្រីម្នាក់ដែលជិះខាងក្រោយ និងរងរបួសធ្ងន់បុរសពីរនាក់ និងរងរបួសស្រាលស្ត្រីម្នាក់ដែលជាអ្នកឌុប។ ក្រោយពីកើតហេតុភ្លាមៗអ្នកបើកបររថយន្តបង្កបានឈប់រថយន្តចោល ហើយបើកទ្វារចុះរត់ចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញចុះវាស់វែងយកមធ្យោបាយទាំងបីគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ឲ្យសាច់ញាតិ៕

ដោយ៖ ឌីយ៉ាម៉ង់