សន្តិសុខសង្គម

គ្រោះថ្នាក់ចរាចរណ៍ ស្លាប់៣នាក់និងច្រើននាក់របួសធ្ងន់ស្រាល នៅខេត្តសៀមរាប

image


អត្ថបទ៖ ជា ស្រស់
សៀមរាប៖ រថយន្តក្រុងមួយគ្រឿងដឹកភ្ញៀវទេសចរបរទេសបើកបរក្នុងល្បឿនលឿនមិនប្រកាន់ស្តាំជ្រុលទៅបុកគោយន្តកន្ត្រៃបណ្តាលឲ្យស្លាប់មនុស្ស៣នាក់និងរបួសធ្ងន់ស្រាលចំនួន៥នាក់។

ហេតុការណ៍នេះកើតឡើងវេលាម៉ោង ១៧និង០០នាទីនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិគោកត្រុំ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក ជី បេងជន អធិការនគរបាលស្រុកក្រឡាញ់ បានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី០៣ ខែសីហានេះថា មានរថយន្តក្រុងមួយគ្រឿងម៉ាក Hyundai ពណ៌សក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 3E. 1209 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីកើតទៅលិច មានអ្នករួមដំណើរជាភ្ញៀវបរទេសចំនួន០៨នាក់ និងជនជាតិខ្មែរម្នាក់ ។ លោកបន្តថា ពេលមកដល់ចំណុចកើតហេតុ អ្នកបើកបររថយន្តក្រុង ដែលបើកក្នុងល្បឿនលឿន និងបើកចូលមកចំណែកខាងឆ្វេងដៃក៏បានបុកគោយន្តកន្ត្រៃមួយគ្រឿង ម៉ាកគូប៊ូតា ពណ៌ក្រហម បើកបរដោយឈ្មោះ គឹម កាន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិតាខែក ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលបើកបញ្ច្រាសទិសគ្នា បណ្តាលឲ្យអ្នកជិះគោយន្តកន្ត្រៃ៣នាក់ស្លាប់ និង៥នាក់ផ្សេងទៀតរងរបួស។ ដោយឡែកជនបរទេសទាំង៨នាក់ និងបុរសជនជាតិខ្មែរដែលជិះក្នុងរថយន្តក្រុង ក៏រងរបួសស្រាលដែរ។

លោកវរសេនីយ៍ទោ សោម វីរៈ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ក្រោយពេលកើតហេតុរួចកម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ ពិនិត្យកន្លែង កើតហេតុ ប្រមូលវត្ថុតាង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់៕