អធិការខណ្ឌឬស្សីកែវថានឹងចាត់វិធានការលើ យាន្តដ្ឋានបំរើសេវាកម្មរថយន្តកាត់តអត់ពន្ធ នៅក្បែរស្តុបកាំកូស៊ីធី
ទីតាំងយាន្តដ្ឋាន សេង បូភក្ក្រ័ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥៩៨ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ចំងាយជាង១០០ម៉ែត្រ ពីស្តុបកាំកូ(អតីតរង្វង់មូលកាំកូ) ។ យាន្តដ្ឋាននេះត្រូវគេដឹងថា មានការតម្លើងរថយន្តកាត់ត អត់ពន្ធ និងបំរើសេវាកម្មលើរថយន្តមួយចប់មុននិងចរាចរណ៍បាន ។
សេចក្ដីរាយការមកថា សកម្មភាពនេះកើតឡើងដុះស្លែមកហើយ ប៉ុន្តែសមត្ថកិច្ចបានត្រឹមមកអើតហើយចេញបាត់ៗ ទើបយាន្តដ្ឋានមួយនេះបន្តសកម្មភាពបានក្នុងការបំរើសេវាកម្មដល់រថយន្តកាត់ត អត់ពន្ធ ខុសច្បាប់បានយ៉ាងរលូន ។
សេចក្ដីរាយការបន្តទៀតថា ម្ចាស់យាន្តដ្ឋាននោះឈ្មោះ សេង ដែលក្រុមអ្នករកស៊ីលក់ទិញរថយន្តទាំងត្រឹមត្រូវនិងកាត់តអត់ពន្ធនៅរាជធានីភ្នំពេញស្គាល់លោកច្រើនណាស់ ពិេសសនគរបាលសេដ្ឋកិច្ចស្គាល់លោកច្បាស់ដូចថ្ងៃត្រង់ ។
ជុំវិញការលើកឡើងនេះលោក សេង កាលពីថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ២០១៨ បានអោយដឹងថា យាន្តដ្ឋានរបស់លោកមិនមានតម្លើងរថយន្តខុសច្បាប់ទេគឺមានតែសុីឈ្នួលជួសជុលនិងបាញ់ថ្នាំរថយន្តអោយភ្ញៀវតែប៉ុណ្ណោៈ ។ ហើយសម្រាបការចាយលុយជាមួយសមត្ថកិច្ចគ្មានទាល់តែសោះ ។
ចំណែកលោក គល់ យី អធិការខណ្ឌឬស្សីកែវបានអោយដឹងថា លោកនឹងស្រាវជ្រាវករណីនេះ ហើយករណីនេះកន្លងមកច្រើនជាសមត្ថកិច្ចរបស់សេដ្ឋកិច្ចជាអ្នកធ្វើ ។
គួររំលឹកថា កន្លងទៅមានការបង្ក្រាបលើទីតាំងតម្លើងរថយន្តខុសច្បាប់នេះហាក់ធ្វើបានទៅលើតែទីតាំងណាតូចតាចគ្មានខ្នងបង្អែក តែបើទីតាំងខ្នាតធំនិងមានគ្នីគ្នាត្រូវរូវគ្នានោះមិនឃើញបង្ក្រាបទេ ។ ហើយការនាំចូលរថយន្តកាត់តនេះទៀតសោត គឺគេប្រើរូបភាពបង់ពន្ធនាំចូលតាមរបៀបគ្រឿងបន្លាស់ គឺមានចេតនាទុច្ចរិតកេងបំបាត់ថវិកាជាតិ តាមរយៈឈ្មួញឃុបឃិតគ្នាជាមួយសមត្ថកិច្ចជំនាញមួយចំនួន រថយន្តមិនខូចយកទៅកាត់ជាកំណាត់ ហើយថាជាគ្រឿងបន្លាស់ ៕ សុភា