ព័ត៌មានជាតិ

សត្វ ខ្លាធំ បានបាត់ដានពីក្នុងប្រទេសកម្ពុជា ជាង១ទសវត្សរ៍ចុងក្រោយ ដោយសារតែការ បរបាញ់ និងការ ដាក់ អន្ទាក់

image


មណ្ឌលគិរី៖ ក្នុងរយៈពេល១ទសវត្សរ៍កន្លះចុងក្រោយនេះ អ្នកវិទ្យាសាស្ត្រមិនបានប្រទះឃើញវត្តមានសត្វខ្លាធំនៅក្នុងប្រទេសកម្ពុជាទេ។ ការនេះបានសន្និដ្ឋានថា ដោយសារតែការបរបាញ់ ការដាក់អន្ទាក់ ការជួញដូរសត្វព្រៃ ការបាត់បង់ទីជម្រក និងការបាត់បង់ចំណីអាហាររបស់វា ជាពិសេសសង្គ្រាមដ៏រ៉ាំរ៉ៃ បានបង្កជាសំឡេងរំខានដល់ការរស់នៅរបស់វា។ នេះជាសារព្រមានមួយដល់ប្រជាពលរដ្ឋថា ត្រូវបញ្ឈប់ការបរិភោគសាច់សត្វព្រៃតទៅទៀត។

បើតាមអ្នកវិទ្យាសាស្ត្រ សត្វខ្លាធំដែលថតបានរូបភាពចុងក្រោយគឺ នៅឆ្នាំ២០០៧ នៅតំបន់ទេសភាពខ្ពង់រាបភាគខាងកើតនៃប្រទេសកម្ពុជា។ ចាប់តាំងពីពេលនោះមកមិនមានភស្តុតាងណាមួយបង្ហាញថា មានសត្វខ្លាធំនៅក្នុងប្រទេសកម្ពុជាទៀតទេ ទោះជាមានកិច្ចខិតខំប្រឹងប្រែងស្វែងរកវា តែមិនឃើញដានទាល់តែសោះ។

លោក សេង ទៀក នាយកអង្គការមូលនិធិសកលដើម្បីអភិរក្សធនធានធម្មជាតិប្រចាំប្រទេសកម្ពុជា(WWF) បានឱ្យដឹងថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ១៣ ដែលមានសត្វខ្លាធំ ហើយរាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តបង្កើនទ្វេដងចំនួនសត្វខ្លាធំទូទាំងពិភពលោក ដោយបានអនុម័តលើផែនការសកម្មភាពសង្គ្រោះសត្វខ្លាធំនៅកម្ពុជា ដែលផ្តោតលើការនាំយកសត្វខ្លាធំចូលទៅក្នុងតំបន់វាលទំនាបភាគខាងកើត នៃប្រទេសកម្ពុជា។ សត្វខ្លាធំ ជាសត្វដ៏អស្ចារ្យ និងមានភាពទាក់ទាញ ហើយវាត្រូវបានចាត់ទុកជាសម្បត្តិបេតិកភណ្ឌជាតិ។ នេះជាពេលវេលាដែលត្រឹមត្រូវបំផុត ដែលទាំងអស់គ្នារួមគ្នាដើម្បីអភិរក្សសត្វខ្លាធំ និងអំពាវនាវឱ្យមានការចូលរួមពីគ្រប់ស្រទាប់ទាំងអស់ ដើម្បីអភិរក្សសត្វខ្លាធំ ហើយក៏អំពាវនាវដល់អតិថិជនទាំងអស់ឱ្យបញ្ឈប់ការជួញដូរសត្វខ្លាធំ និងសាច់សត្វព្រៃជាបន្ទាន់ និងឱ្យរាជរដ្ឋាភិបាលជួយបង្ក្រាបប្រកបដោយប្រសិទ្ធភាព លើអ្នកដែលដាក់អន្ទ្រាក់នៅក្នុងព្រៃការពារ និងបង្កើនការពិន័យដល់អ្នកដែលដាក់អន្ទាក់ក្នុងព្រៃការពារផងដែរ។ សត្វខ្លាំធំ មានកន្លែង និងចំណីដែលពួកវាត្រូវការ ការការពារទីជម្រក ការបង្កើនចំនួនសត្វរំពាររបស់វា និងការយកពួកវាទៅដាក់កន្លែងដែលពួកវាធ្លាប់រស់នៅ ជាការដែលត្រូវធ្វើឱ្យខាងតែបាន។

ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា អន្ទាក់ជាឃាតករលាក់មុខ ដែលឆក់យកជីវិតសត្វព្រៃ និងកំពុងតែបំផ្លិចបំផ្លាញជីវិតសត្វព្រៃរបស់ប្រទេសកម្ពុជា និងក៏ដូចជាសត្វព្រៃដែលមានការចាត់យកចិត្តទុកដាក់ខ្ពស់របស់ពិភពលោកទាំងមូល។ ប្រជាពលរដ្ឋដែលចង់ចូលរួមអភិរក្សសត្វខ្លាធំ គឺសាមញ្ញបំផុត ត្រូវបញ្ឈប់ការបរិភោគសាច់សត្វព្រៃទាំងអស់ ព្រោះយើងដឹងថា សត្វខ្លាំធំជាសត្វនៅលើគេទាំងអស់ និងស៊ីសាច់សត្វជាអាហារ។ សត្វខ្លាធំ រស់នៅក្នុងព្រៃបានទាល់តែមានសត្វជាអាហាររបស់វាមានគ្រប់គ្រាន់នៅក្នុងព្រៃ។ ម្យ៉ាវិញទៀត ប្រជាពលរដ្ឋបើចង់ចូលរួមអភិរក្សសត្វខ្លាធំ គឺឈប់ពិសាសាច់សត្វព្រៃគ្រប់ប្រភេទ។ អន្ទាក់ធ្វើឡើងដោយវិធីសាមញ្ញបំផុត ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់។ អន្ទាក់ដែលធ្វើឡើងដោយខ្សែលួស ដូចជា ហ្វ្រាំងកង់ និងងាយស្រួលក្នុងការដាក់ ហើយបានបង្កើតជាបញ្ហាយ៉ាងច្រើននៅក្នុងព្រៃនៃប្រទេសកម្ពុជា។

លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ការបាត់បង់សត្វខ្លាធំ ដោយសារតែប្រទេសកម្ពុជាមានសង្គ្រាម ដែលបង្កឱ្យមានសំឡេងគ្រាប់កាំភ្លើង រំខានការរស់នៅរបស់វា ទើបរត់គេចចេញពីទីជម្រក ទៅកាន់កន្លែងផ្សេងដែលមានភាពស្ងប់ស្ងាត់ គ្មានការរំខាន ព្រោះសត្វខ្លាធំចូលចិត្តរស់នៅដោយមានសេរីភាព គ្មានការរំខានពីសំឡេងចំឡែកៗ ដែលវាមិនធ្លាប់ឮ។

យោងតាមរបាយការណ៍របស់អង្គការWCS បានឱ្យដឹងថា ក្នុងឆ្នាំ២០២១ មានអន្ទាក់ចំនួន ៦១៦១១អន្ទាក់ ត្រូវបានយកចេញពីតំបន់ ការពារធម្មជាតិ និងរបៀង ជីវៈចម្រុះចំនួន ៧២កន្លែង នៅក្នុងប្រទេសកម្ពុជា។ ចំនួននេះមានការកើនឡើងលើសពីចំនួនជាមធ្យមក្នុងរយៈពេល១០ឆ្នាំចុងក្រោយ ដែលមានចំនួន ៤០០០០អន្ទាក់ក្នុងមួយឆ្នាំ។ អន្ទាក់ត្រូវបានប៉ាន់ប្រមាណថា មានការប្រើប្រាស់ក្នុងព្រៃ នៃប្រទេសកម្ពុជា ហើយវាបានបន្តគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរ ចំពោះជីវិតសត្វព្រៃ ជាពិសេសប្រភេទសត្វជិតផុតពូជ ដូចជាសត្វខ្លាធំ ជាដើម៕