ព័ត៌មានជាតិ

អភិបាលខេត្តកែប ប្រាប់អាជ្ញាឱ្យរកមុខអ្នកដឹកដីធ្វើឱ្យខូចផ្លូវឱ្យមកទទួលខុសត្រូវ

image


កែប៖ អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ បានប្រាប់អាជ្ញាធរថ្នាក់ក្រោម ត្រូវបន្តរឹតបន្តឹងលើរថយន្តដឹកដីគ្រប់ប្រភេទ ដោយចុះត្រួតពិនិត្យលើលក្ខណបច្ចេកទេស ការផ្ទុកទំងន់ជាដើម ខណៈផ្លូវជាច្រើនខ្សែនៅក្នុងខេត្តកែប រងការខូចខាតដោយដុំៗ តែរកអ្នកទទួលខុសត្រូវមិនឃើញ។ ជាក់ស្តែងដូចជាផ្លូវរុក្ខាពិសិដ្ឋជាដើម បានធ្វើឱ្យខាតបង់នូវថវិកាជាតិដោយសារតែការជួសជុល។

សោម ពិសិដ្ឋ បានណែនាំដូចនេះ ក្នុងពិធីបូកសរុបរបាយការណ៍សុវត្ថិភាពចរាចណ៍ផ្លូវគោក កាលពីពេលកន្លងទៅ នៅក្នុងសាលាខេត្តកែប។ លោកបានសង្កត់ធ្ងន់ៗយ៉ាងដូចនេះថា៖ "ខេត្តបានធ្វើផ្លូវធំៗល្អជាច្រើន ដើម្បីផ្តល់ប្រយោជន៍ទៅដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបម្រើដល់វិស័យទេសចណ៍ ក៏ប៉ុន្តែកន្លងទៅឃើញថា ផ្លូវជាច្រើនត្រូវបានរងការខូចខាត ដោយសារក្រុមរថយន្តដឹកដីទាំងនោះ។ អ្នកដឹកដីបានតែដឹក ហើយមិនដឹងអ្នកណាទទួលខុសត្រូវ”។

លោកបានបញ្ជាក់ថា អាជ្ញាធរមូលដ្ឋានតាំងពីថ្នាក់ ក្រុង ស្រុក រហូតដល់ថ្នាក់ភូមិ មានសិទ្ធិឃាត់សួរនាំ រាល់មានការចរាចរណ៍រថយន្តដឹកដីក្នុងមូលដ្ឋានរបស់ខ្លួន ហើយជំនាញត្រូវយកចិត្តទុកដាក់ និងបន្តត្រួតពិនិត្យឱ្យបានហ្មត់ចត់ ដោយសហការជាមួយសមត្ថកិច្ចចុះណែនាំតម្រង់ទិសដល់ម្ចាស់រថយន្តដឹកដីគ្រប់ប្រភេទ នៅគោលដៅដើមទី លើបញ្ហាល្បឿនបើកបរ ការវ៉ាជែង និងការដឹកលើសទម្ងន់កម្រិតនៃច្បាប់ បើរកឃើញថាខុស ត្រូវឃាត់ទុក ឬធ្វើកិច្ចសន្យា។ រថយន្តទាំងនេះធ្វើឱ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធហើយ ក៏មានករណីគ្រោះថ្នាក់ចរាចណ៍ ដែលបង្ករដោយរថយន្តដឹកដីនេះដែរ ព្រោះតែតៃកុងមួយចំនួនបើកបរមិនគោរពច្បាប់។

ទាក់ទងនឹងបញ្ហានេះ លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកែប បានឱ្យដឹងថា នៅឆមាសទី១ ក្នុងឆ្នាំ២០២២ ករណីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តកែប បានកើតឡើង៣០លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន ៨នាក់ និងរបួសចំនួន ៦០នាក់ ធៀបនឹងឆ្នាំ២០២១។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើនឡើង ១៤លើក ស្មើនឹង៨៨%៕


អត្ថបទ៖ ង៉ុង សាន់